ប្រទេសថៃ៖ ប្រសិនបើអ៊ីរ៉ង់ អនុវត្តវិធានការបិទច្រកដឹកជញ្ជូនឆ្លងកាត់ប្រេងនៅមជ្ឈឹមបូព៌ាទៅកាន់ក្នុងសកលលោក បន្ទាប់ពីសភានៃសាធារណៈរដ្ឋអ៊ីស្លាមនេះបានអនុម័តដើម្បីបិទច្រកសមុទ្រ Hormuz ប្រទេសថៃ អាចប្រឈមមុខនឹងការរំខានផ្នែកថាមពលខ្លាំង។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ (TDRI)។
វិទ្យាស្ថានស្រាវជ្រាវ (TDRI) បាននិយាយថា ប្រទេសថៃ ត្រូវបានរាយការណ៍ថា បានពឹងផ្អែកលើការនាំចូលថាមពលយ៉ាងច្រើនពីតំបន់មជ្ឈិមបូព៌ា ដោយប្រហែលជាង៣០ភាគរយ (ឬមួយភាគបី) នៃការនាំចូលថាមពលរបស់ខ្លួន បានឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។
ជាមួយគ្នានោះ កាសែត The Nation បានចុះផ្សាយថា លោកបណ្ឌិត Areeporn Asawinpongphan ដែលជាអ្នកស្រាវជ្រាវឯកទេសខាងគោលនយោបាយថាមពលនៅ TDRI បានព្រមានកាលពីថ្ងៃចន្ទទី២៣ មិថុនាម្សិលមិញនេះថា៖ ខណៈពេលដែលសភារបស់ប្រទេសអ៊ីរ៉ង់បានអនុម័តវិធានការឲ្យបិទច្រកសមុទ្រ Hormuz វានៅតែតម្រូវឱ្យមានការផ្តល់សច្ចាប័នពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ និងមេដឹកនាំកំពូលរបស់ប្រទេស មុនពេលច្បាប់នោះចូលជាធរមាន។
សូមជម្រាបថា ច្រកសមុទ្រ Hormuz បម្រើជាផ្លូវដឹកជញ្ជូនថាមពលសកលដ៏សំខាន់សម្រាប់ទាំងប្រេង និងឧស្ម័ន ដែលស្មើនឹង 30% នៃការដឹកជញ្ជូនថាមពលទូទាំងពិភពលោក។
គួរបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ បន្តបិទច្រកសមុទ្រនេះ តម្លៃប្រេងអាចឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលពីកម្រិតបច្ចុប្បន្ន ៧៧-៨០ ដុល្លារក្នុងមួយបារ៉ែល។ ទោះបីជាអ្នកជំនាញជឿថា ការរំខាននេះអាចមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែផលប៉ះពាល់លើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងការដឹកជញ្ជូន៕ដោយ៖តារា
រូបភាព៖ Bangkokpost