ទីក្រុងបាងកក៖ បើតាមកាសែតថៃ The Nation គណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ថៃ ឬហៅកាត់ថា NACC កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនាម្សិលមិញ បានឯកភាពគ្នាជាឯកច្ឆន្ទដើម្បីចាប់ផ្ដើមការស៊ើបអង្កេតបឋមលើការបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
គណៈកម្មការ NACC បានជឿថា មាតិកាមួយចំនួននៅក្នុងកិច្ចសន្ទនានោះ ប្រហែលជារំលោភបំពានលើស្ដង់ដារក្រមសីលធម៌ ជាពិសេសពាក់ព័ន្ធទៅនឹងការលើកឡើងជុំវិញភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាង កម្ពុជា និងថៃ។
ជាមួយគ្នានេះ NACC បានកំណត់កាលបរិច្ឆេទរយៈពេល ១០ថ្ងៃ ដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម ហើយនីតិវិធីស៊ើបអង្កេតនេះនឹងរួមមានបញ្ចូលទាំងការបំប្លែកខ្សែអាត់សំឡេងទៅជាលាយលក្ខណ៍អក្សរ និងការផ្ទៀងផ្ទាត់ការបកប្រែសំឡេងសន្ទនាពីខ្មែរទៅថៃ ក៏ដូចជាសួរចម្លើយដែលអ្នកជាប់ពាក់ព័ន្ធ និងត្រួតពិនិត្យលើច្បាប់ដែលអាចនឹងត្រូវអនុវត្ត។
គួរបញ្ជាក់ថា NACC របស់ថៃ ក៏នឹងត្រួតពិនិត្យផងដែរថាតើតុលាការធម្មនុញ្ញទទួល ឬមិនទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាមួយក្រុមដែលទាមទារឱ្យទម្លាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចេញពីតំណែង ដែរឬក៏យ៉ាងណា? ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញថាមានភស្តុតាងគ្រប់គ្រាន់ នោះករណីរបស់លោកស្រី ផែថងថាន នឹងត្រូវបញ្ជូនទៅឱ្យគណៈគ្រប់គ្រងរបស់ NACC ស៊ើបអង្កេតជាផ្លូវការ ហើយបើចាំបាច់ ការស៊ើបអង្កេតពេញលេញមួយរបស់ NACC អាចនឹងត្រូវធ្វើឡើង៕ដោយ៖តារា