ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខំមិនក្រោមការបង្ហោះហ្វេសប៊ុកពីកូនប្រុសទាំង៣របស់សម្តេចនៅរសៀលថ្ងៃអង្គារនេះថា ការបង្ហោះរបស់សម្តេចនៅថ្ងៃនេះ គឺចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខានFacebookរបស់សម្តេចរបៀបណាខ្លះ? បើតាមសម្តេចតេជោ គឺតាមរយះការចូលមករំខានលើហ្វេសប៊ុកសម្តេច គឺអាចវាយតម្លៃបានថា មានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក ដើម្បីចូលមករំខាន។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានអះអាងថា ការបង្កហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។ រឿងនេះ អាចវាយតម្លៃបាន គឺពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។
ត្រង់ចំណុចនេះ សម្តេចតេជោ បានគូសបញ្ជាក់ថា ៖«តែទោះពួកអ្នកប្រឹងដល់កម្រិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។ តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ ហើយខ្ញុំក៏អាចដឹងមុនថាជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែខ្ញុំមិននិយាយទេទុកឲ្យឆ្ងល់។សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»៕ដោយ៖តារា