ភ្នំពេញ៖ ជនសង្ស័យ៣នាក់ដែលធ្លាប់ធ្វើសកម្មភាពលួចសម្ភារក្នុងរោងចក្រ សិុន ជិធានបានសម្រេចម្តងកាលពីប៉ុន្មានខែមុន រហូតមកដល់រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ ពួកគេបាននាំគ្នាមកលួចសម្ភារក្នុងរោងចក្រម្តងទៀត ប៉ុន្តែជាថ្ងៃស៊យរបស់ពួកគេក៏លួចមិនបានសម្រេចដោយសារសន្តិសុខយាមរោងចក្របានឃើញពួកគេទាន់រួចរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនពួកគេបាន២នាក់ និងម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងរោងចក្រ សិុនជិធាន ភមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនខាងលើមានទី១ឈ្មោះ ឡោ សង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាកម្មករកាត់ដេរ ទី២ឈ្មោះ ឈិន សុផៃ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការ ហើយអ្នកទាំង២មានស្រុកកំណើតនៅ ភូមិឈើនាង ឃុំគោកគ្រប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះឈ្មោះ បូរាណ ហើយតំណាងរោងចក្រ សិុនជិធាន ដែលមកដាក់ពាក្យប្តឹងឈ្មោះ ផាន វ៉ានផៃ ភេទប្រុស អាយុ២៦ឆ្នាំជាបុគ្គលិករដ្ឋបាលក្នុងរោងចក្រ សិុនជិធាន ។
ក្រោយពីសួរនាំជុំវិញករណីខាងលើនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានសន្និដ្ឋានថាជនសង្ស័យពិតជាបានធ្វើសកម្មភាពលួចសម្ភារក្នុងរោងចក្រ សិុនជិធាន ពិតប្រាកដមែនដូច្នេះសមត្ថកិច្ចបានកសាងសំណុំរឿងត្រៀមបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមនីតិវិធច្បាប់៕
ដោយ៖ ជីម ភារ៉ា ដង្កោ
...