ខេត្តឧត្តរមានជ័យ ៖ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។
សូមបញ្ជាក់ថា ៖ កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។ មកដល់ពេលនេះ ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ។
សម្តេចតេជោ ហ៊ុន សែន ជាអគ្គមេបញ្ជាការកំពូលដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម និងធ្វើឱ្យទាហានថៃ បាក់ស្បាតអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
ដំណើររបស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចុះមកជួបកងទ័ពនាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ព ហើយក៏ជាការពង្រឹងទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារបូរណភាពទឹកដី។
កម្ពុជាជាប្រទេសដែលស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព។ កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាព្រោះភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមនោះឡើយ។ នយោបាយសន្តិភាពត្រូវបានមេដឹកនាំកម្ពុជាតែងប្រកាសប្រកាន់យក និងជំរុញឱ្យពិភពលោកប្រកាន់យកជារឿយៗតាមវេទិកាតំបន់ និងអន្តរជាតិ។
ការបញ្ជូនកងទ័ព និងសព្វាវុធ មកកាន់ព្រំដែនទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងសំឡេងតែមួយថា មិនមែនជាការត្រៀមបម្រុងនឹងឈ្លានពានប្រទេសណាមួយនោះឡើយ កងទ័ព និងសព្វាវុធទាំងនេះ គឺដើម្បីតែការពារទឹកដីមិនឱ្យមានការឈ្លានពានតែប៉ុណ្ណោះ។
សូមបញ្ជាក់ ក្នុងកំលុងពេលដែលកងទ័ព និងសព្វាវុធបញ្ជូនមកកាន់ព្រំដែន គេបានឃើញចលនានៃការគាំទ្រយ៉ាងខ្លាំងក្លាបំផុតពីសំណាក់ថ្នាក់ដឹកនាំជាតិកម្ពុជា និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ហើយបានលះបង់ធនធានឧត្ថម្ភជាថវិកា ស្បៀងអាហារទ្រទ្រង់ដល់សកម្មភាពទ័ព។
៣ថ្ងៃមុន ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា សព្វាវុធរបស់កម្ពុជា រៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ កម្ពុជាមិនមានរថក្រោះ និងយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះបាន ហើយសព្វាវុធរបស់កម្ពុជារៀបចំ ដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាមិនមែនចង់ធ្វើសង្គ្រាមទេ យើងឆ្អែតហើយ ប៉ុន្តែបើសិនជាមានការបំពាន ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ យើងមានសមត្ថភាពគ្រប់គ្រាន់ ជាពិសេសឆន្ទៈរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង នៅក្នុងការការពារទឹកដី ទោះបីឧបករណ៍យើងមិនទំនើបខ្លាំង តែទឹកចិត្ត និងឧបករណ៍បំពាក់ គឺគ្រប់គ្រាន់ដើម្បីបំផ្លាញផែនការ និងបំផ្លាញកម្លាំង ដែលចូលទន្ទ្រានទឹកដីយើងបាន»។
បើតាមប្រសាសន៍សម្តេចធិបតី ឥលូវកងទ័ពថៃ ឃើញតែការបង្ហាញយុទ្ធោបករណ៍ បង្ហាញយន្តហោះ បង្ហាញដ្រូន មានដ្រូនដាក់គ្រាប់បែកទម្លាក់ និងមានរថក្រោះ។
សម្តេចធិបតី បន្ថែមថា «បង្ហាញធ្វើអីអាហ្នឹង ឯកឧត្តម ទៀ សីហា ប្រាប់ហើយថា ខ្ញុំគ្មានរថក្រោះ មានតែអាបាញ់រថក្រោះ។ រថក្រោះ ១គ្រឿង ៥លាន ខ្ញុំឯណេះ ១ដើម ១០ម៉ឺន បាញ់ឆេះ ព្រោះគិតពីការរកស៊ី អ្នកវិនិយោគដាក់ទុនតិច បានផលច្រើន។ យើងយកអាហ្នឹង។ យន្តហោះ ១គ្រឿង ២០ ៣០លាន ថែទាំ ទាំងពីឡុត ទម្រាំតែបង្ហាត់ចេះ។ យើង ដូចអាកាំជ្រូចយើង សំណាញ់មេឃហ្នឹង ដូចមិនថ្លៃប៉ុន្មានដែរ។ អាហ្នឹង អ្នកក្រវិនិយោគតាមអ្នកក្រ ប៉ុន្តែអ្វីដែលសំខាន់ ហេតុអ្វីបានជាកម្ពុជាមានគ្រឿងទាំងការការពារប្រឆាំងរថកក្រោះ ការពារប្រឆាំងយន្តហោះ ភាគច្រើនគឺយើងរៀបចំទ័ពយើង ដើម្បីការពារជាតិ មិនមែនដើម្បីវាយលុក ដណ្តើមទឹកដីរបស់នរណាទេ អីចឹងការរៀបចំរបស់យើង មានតែប៉ុណ្ណឹង»៕
ដោយ ៖ សិលា