ខេត្តព្រះវិហារ : សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុនសែន និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា , «ខ្ញុំសង្ឃឹមថា នឹងមាននាយករដ្ឋមន្ត្រីថ្មី មកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា»។ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
សម្ដេច ហ៊ុន សែន ជឿជាក់ថា ប្រជាជនថៃ ក៏ចង់ឲ្យបញ្ហាជម្លោះព្រំដែននេះ ត្រូវបានបញ្ចប់ដែរ។ សម្ដេច ហ៊ុន សែន រំពឹងថា នឹងមាននាយករដ្ឋមន្ត្រីថៃថ្មី យ៉ាងយូររយៈពេល៣ខែ។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន៖«ការវ៉ៃគ្នាវាមិនមែនជារឿងល្អទេ ចៀសបានចៀសទៅ តែបើចៀសមិនបានមានតែវ៉ៃ»។
សូមបញ្ជាក់ថា : កងទ័ពថៃ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥នេះ បានបន្ធូរបន្ថយបទបញ្ជារបស់ខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤ ក្នុងខេត្តស្រះកែវ ដើម្បីអនុញ្ញាតឱ្យប្រជាជនថៃ និងកម្ពុជា រួមទាំងអ្នកដែលរង់ចាំនៅច្រកទ្វារព្រំដែន ដើម្បីត្រឡប់មកប្រទេសវិញ៕
ដោយ : សិលា