Update ៖ ការបិទព្រំដែនជាឯកតភាគីពីសំណាក់ភាគីថៃ នាំឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈបណ្ដាញសារព័ត៌មាននានា ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងភ្ញៀវទេសចរណ៍ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ ការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុនពីសំណាក់ភាគីថៃ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន រួមមាន៖
១. សេរីភាពក្នុងការធ្វើដំណើរ៖ ការបិទព្រំដែនដោយឯកតោភាគីរបស់ថៃ បានបង្កឲ្យមនុស្សជាច្រើនរួមមានកម្មករ ពាណិជ្ជករ អ្នកធ្វើដំណើរឆ្លងកាត់ និងគ្រួសារជាច្រើន ត្រូវបានជាប់គាំងនិងមិនអាចធ្វើដំណើរឆ្លងព្រំដែនបាន។ ការណ៍នេះ បានរំលោភដល់សេរីភាពក្នុងការធ្វើដំណើរដែលជាសេរីភាពជាមូលដ្ឋានចែងនៅក្នុងសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា១៣ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មាត្រា១២។

២. សិទ្ធិមានជីវភាពរស់នៅសមរម្យ៖ ការបិទព្រំដែនភ្លាមៗបែបនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ព្រំដែនប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត រួមមាន ពាណិជ្ជករ កម្មករ និងអ្នកប្រកបអាជីវកម្មតូចៗ។ ពួកគាត់និងបាត់បង់ប្រភពចំណូលចម្បងដែលនឹងបង្កឲ្យមានការលំបាកផ្នែកហិរញ្ញវត្ថុ ការហូបចុក ផ្ទះសម្បែង និងសុខភាពផ្លូវចិត្ត។ សិទ្ធិនីត្រូវបានការពារដោយកតិការសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ មាត្រា១១។

៣. សិទ្ធិមានការងារធ្វើ៖ ការបិទព្រំដែនជាឯកតោភាគីដោយប្រទេសថៃ បានរារាំងពលករទេសន្តរប្រវេសន៍មិនឱ្យទៅធ្វើការងារ។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមានការងារធ្វើដែនមានចែងក្នុងសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស មាត្រា២៣ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ មាត្រា៦។

៤. សិទ្ធិទទួលព័ត៌មាន៖ អ្នកធ្វើដំណើរ ពាណិជ្ជករ និងកម្មកររាប់ពាន់នាក់ត្រូវបានជាប់គាំងនិងជ្រួលច្របល់នៅតាមព្រំដែនដោយសារការបិទព្រំដែនជាឯកតោភាគីពីប្រទេសថៃដោយពុំបានជូនដំណឹង ឬចេញសេចក្តីប្រកាសផ្លូវការណាមួយជាមុន។ សិទ្ធិទទួលបានព័ត៌មានត្រូវបានធានាដោយកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ មាត្រា១៩។

៥. សិទ្ធិទទួលបានសុខភាពនិងការអប់រំ៖ ទោះបីជាសិស្សានុសិស្សនិងអ្នកជំងឺត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនក៏ដោយ ក៏ពួកគេនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនជាពិសេសអ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងឯកសារផ្សេងៗ។ សិទ្ធិទាំងនេះ ត្រូវបានការពារដោយកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ មាត្រា១១, ១៣ និង១៤។

៦. ការជួញដូរមនុស្ស៖ នៅពេលដែលច្រកព្រំដែនដែលមានសុវត្ថិភាព និងស្របច្បាប់ត្រូវបានបិទ នឹងបង្ខំឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយឆ្លងកាត់ព្រំដែនខុសច្បាប់ ជាពិសេសកម្មករដែលកំពុងត្រូវការការងារធ្វើ ដែលនឹងបង្កើនហានិភ័យនៃការជួញដូរមនុស្ស ជាពិសេសក្រុមជនងាយរងគ្រោះដូចជា ស្ត្រី កុមារមនុស្សចាស់ និងជនមានពិការរភាពជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print