ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក ហ័រ សៀវហ្វុង (Hua Xiao Feng) អនុប្រធានក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
លោកអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក ហ័រ សៀវហ្វុង បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកអគ្គលេខាធិការក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពវិនិយោគ និងស្ថានភាពតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
បន្ថែមពីនេះ លោកអគ្គលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់នាំចេញផលិតផលកសិផលពីកម្ពុជា ពិសេសនាំទៅកាន់ទីផ្សារប្រទេសចិន។ មួយវិញទៀត លោកអគ្គលេខាធិការ ក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជំរុញតម្លៃបន្ថែមក្នុងស្រុក។
លោក ហ័រ សៀវហ្វុង បានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលតែងតែគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន និងបានផ្តល់នូវអនុសាសន៍ល្អៗពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចនៅកម្ពុជា។ លោកក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីសាវតាររបស់ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. ដែលជាក្រុមហ៊ុនរដ្ឋចិនដែលមានអាយុកាលប្រមាណ១០៦ឆ្នាំ និងមានកម្មវត្ថុអាជីវកម្មក្នុងវិស័យជាច្រើនដូចជាហិរញ្ញវត្ថុ, ផ្សារមូលបត្រ, កម្មន្តសាល, ថាមពលបៃតង និងថាមពលកកើតឡើងវិញ។ល។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន សណ្ឋារគារ និងរថភ្លើងក្រោមដីផងដែរ។ ក្រុមហ៊ុន Wuxi Guolian Group Co., Ltd. មានឆន្ទៈរួមចំណែកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុឱ្យកាន់តែរីកលូតលាស់ និងជំរុញការកែច្នៃផលិតផលកសិផលដើម្បីនាំចូលទៅកាន់ទីផ្សារប្រទេសចិន ហើយលោក ហ័រ សៀវហ្វុង សង្ឃឹមថាតាមរយៈជំនួបនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រដល់វិនិយោគិនមកពីទីក្រុងអ៊ូស៊ីក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ បានបង្ហាញនូវសុទិដ្ឋិនិយម ហើយសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុន Wuxi Guolian Group Co., Ltd. នឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងអ៊ូស៊ីមកបណ្តាក់ទុនវិនិយោគបន្ថែមនៅប្រទេសកម្ពុជា ហើយការណ៍នេះជាថ្នាលផ្សារភ្ជាប់នូវកិច្ចសហប្រតិបត្តិការកម្ពុជា ចិនឱ្យកាន់តែរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការទ្វេភាគីវិនិយោគរវាងទីក្រុងអ៊ូស៊ី និងកម្ពុជា៕ដោយ៖តារា