លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញញត្តិគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវកត្តញ្ញូតាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានប្រកាសផ្ដួចផ្ដើមគំនិតស្នើរាជរដ្ឋាភិបាលសិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅ ដកហូតសញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។

ការផ្ដួចផ្ដើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀតដែលបញ្ជាក់ឱ្យកូនខ្មែរក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំខ្មែរដ៏កម្រមួយរូបក្នុងប្រវត្តិសាស្រ្តជាតិជាង៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ នៃដំណើរជាតិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានតម្កល់ខ្ពស់ជានិច្ច និងខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីការពារ និងសម្រេចឱ្យបាននូវឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ជាពិសេសការកសាងនិងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច និងការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន។ 

ឈរលើមូលដ្ឋាននៃគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ខ្ញុំសូមជនរួមជាតិទាំងអស់ បន្តរួបរួមស្មារតីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីយើងរួមគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ជាតិយើង គឺការធានាឱ្យបានច្បាស់និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាខ្មែរពីកំណើត ឬជនទទួលបានសញ្ជាតិខ្មែរនោះទេ គឺត្រូវតែមានកាតព្វកិច្ចការពារឧត្តមប្រយោជន៍ជាតិ ហើយរាល់សកម្មភាពឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញផលប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវទទួលទណ្ឌកម្មតាមផ្លូវច្បាប់ រួទាំងការដកហូតសញ្ជាតិខ្មែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print