ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ៖ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺការប្រមូលកម្លាំងជាតិដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ដោយមិនប្រកាន់ពណ៌សម្បុរ ជំនឿ សាសនា ដើម្បីរួមកម្លាំងគ្នាកសាង ការពារជាតិមាតុភូមិ និងប្រជាជន ឈរលើបាវចនា «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។
សមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត រួមមាន ការចូលរួមតស៊ូរំដោះប្រជាជាតិឱ្យរួចផុតពីនឹមអាណានិគមនិយម និងការរំដោះជាតិ សង្រ្គោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ក្នុងថ្ងៃ ៧ មករា ១៩៧៩។ គំរូវីរភាពនៃបុព្វបុរសអតីតថ្នាក់ដឹកនាំ កម្មាភិបាលគណបក្សទាំងអស់នឹងស្ថិតក្នុងការចងចាំរបស់សមាជិក សមាជិកាគណបក្សគ្រប់ៗរូប។ ជាពិសេស ស្មារតីនេះគឺជាប្រទីបបំភ្លឺផ្លូវសម្រាប់ការបំពេញភារកិច្ចជូនគណបក្ស គឺការបម្រើជាតិមាតុភូមិ និងប្រជាជនដោយស្មោះស។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា ៖ ឈរលើមូលដ្ឋាន នៃបុព្វហេតុ និងបេសកកម្មដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា កម្មាភិបាលបន្តវេន ប្តេជ្ញាយ៉ាងមុតមាំ ការពារសមិទ្ធផលសង្គមជាតិ និងបន្តកសាង អភិវឌ្ឍកម្ពុជា ដែលអតីតកម្មាភិបាលគណបក្ស និងថ្នាក់ដឹកនាំបក្សគ្រប់ជំនាន់បានខិតខំស្វែងរកមកបានយ៉ាងលំបាក ជាពិសេស ការធ្វើពលិកម្មយ៉ាងធំធេងក្នុងការស្វែងរកសុខសន្តិភាព ឯកភាព និងការផ្សះផ្សាជាតិក្នុងដំណាក់កាលចុងក្រោយនេះ។
ជយោ! គណបក្សប្រជាជនកម្ពុជា!
ដោយ ៖ សិលា