ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជាបានបារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ដែលមានវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងសមាជិក សមាជិកកា មកពីបណ្តាស្ថាប័ននានាចូលរួមយើងច្រើនកុះករ ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដ៏ធំនិងរឹងមាំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគណបក្សតែមួយគត់ដែលបានរំដោះអាយុជីវិតពលរដ្ឋរាប់លាននាក់អោយរួចចាកផុតពីវាលពិឃាត កាលពីថ្ងៃទ ៧ មករា ១៩៧៩។ គណបក្សប្រជាជន បានរួមសុខរួមទុក្ខជាមួយពលរដ្ឋនឹងនៅបន្តនៅជាប់កៀកជាមួយប្រជាជនយូរអង្វែងទៅមុខទៀតដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។
នៅក្នុងថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ៧៤ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាជាប្រវត្តិសាស្រ្ត។ ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ សម្តេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរការសន្ដិភាវូបនីយកម្មប្រទេសជាតិតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមដ៏រាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញនៅទូទាំងប្រទេសជាលើកដំបូងចាប់ពីចុងឆ្នាំ១៩៩៨មក។
គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ប្រកបដោយចីរភាពផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ ជំរុញការអភិវឌ្ឍវិស័យឯកជនអោយបានខ្លាំងក្លា ដោយចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច បង្កើនការងារ និងពង្រីកមុខរបរសម្រាប់ប្រជាជន ។
នៅក្នុងឱកាសថ្លែងទៅកាន់សមាជិកសមាជិការ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តខិតខំកសាង និងអភិវឌ្ឍប្រទេសកម្ពុជាអោយមានការរីកចម្រើនជាបន្តទៀតនិង ខិតខំសម្រេចគោលដៅនៃការអភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ ទន្ទឹមនឹងនោះដែរ គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងពង្រីកសេវាសង្គមកិច្ចសម្រាប់ក្រុមជនងាយរងគ្រោះ សំដៅលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ និងបង្កលក្ខណៈអោយគេបានផ្សាភ្ជាប់ជាមួយនឹងចរន្តនៃការអភិវឌ្ឍ ហើយបន្តជំរុញការធ្វើសមាហរណកម្មកម្ពុជាជាមួយសហគមន៍អន្តរជាតិ ទំាងក្នុងក្របខណ្ឌតំបន់ និងក្នុងខណ្ឌពិភពលោក ដោយខិតខំទាញបង្កើនកិច្ចសហប្រតិបត្តិការពីគ្រប់ដៃគូអភិវឌ្ឍនានា។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការថែរក្សាការពាររាល់សមិទ្ធផលសង្គមជាតិ ជាពិសេសគឺសន្តិភាព និងស្ថិរភាពនយោបាយដែលជាសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបាន។
មុននឹងបញ្ចប់ការថ្លែងសុន្ទកថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរបងប្អូនជនរួមជាតិ ព្រមទាំងសមាជិកសមាជិកាគណបក្សទាំងអស់សូមជួបតែសេចក្តីសុខ និងចម្រុងចម្រើនគ្រប់ៗគ្នា៕
ដោយ ៖ សិលា