ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កំពុងបំពេញភារកិច្ចជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍កីឡាដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូ កីឡាករ និងកីឡាការិនី សរុបជិត ២០០នាក់ មកពីបណ្តា ៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
មុនអញ្ជើញចូលរួមក្នុងពិធី លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុក ដោយបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម កែវ រ៉េមី ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសហការីទាំងអស់ ។ លោកបានបន្ថែមថា “វត្តមានរបស់ខ្ញុំនាថ្ងៃនេះ គឺចង់បញ្ជាក់នៅការគាំទ្រ និងកោតសរសើរ ដល់ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ ដែលបានជ្រើសរើសយកកីឡាតេក្វាន់ដូITF ស្របតាមចំណងចំណូលចិត្តរបស់ប្អូនៗ សម្រាប់ការហ្វឹកហាត់កាយសម្បទារបស់ខ្លួនផង ព្រមទាំងឈានដល់ការប្រកួតបង្ហាញសមត្ថភាពជាលក្ខណៈអន្តរជាតិផង។”
សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១៦ ក្នុងឋានៈជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ កម្ពុជាទទួលបានមេដាយសរុបចំនួន ៥២គ្រឿង ក្នុងនោះមេដាយមាសចំនួន៣១ មេដាយប្រាក់ចំនួន១០ និងមេដាយសំរិទ្ធចំនួន១១ ដោយឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោម ៧ប្រទេសដែលបានចូលរួម៕
ដោយ ៖ សិលា