ស្ថាបនិកក្រុមហ៊ុន Amazon វ័យ ៦១ ឆ្នាំលោកJeff Bezos និងអ្នកកាសែតឈ្នះពានរង្វាន់ Emmy អាយុ ៥៥ឆ្នាំលោកស្រី Lauren Sanchez បានរៀបការជាផ្លូវការនៅលើកោះ San Giorgio Maggiore ក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនាជាមួយនឹងភ្ញៀវលំដាប់ខ្ពស់ជាង 200 នាក់ដោយខ្ទង់ចំណាយត្រូវបានគេប៉ាន់ប្រមាណថាអស់ប្រហែល50លានដុល្លារអាមេរិក។
ពិធីមង្គលការរបស់មហាសេដ្ឋីបច្ចេកវិទ្យា ដែលជាម្ចាស់កាសែត The Washington Post និងជាមហាសេដ្ឋីមួយរូបក្នុងពិភពលោក បានធ្វើឡើងរយៈពេលបីថ្ងៃដ៏អស្ចារ្យនៅទីក្រុង Venice ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
អាពាហ៍ពិពាហ៍នេះអាចហៅថាការរៀបការតម្លៃ 461 ពាន់លានដុល្លារដោយសារបញ្ជីរាយនាមភ្ញៀវរបស់គូស្នេហ៍ Lauren Sanchez និង Jeff Bezos មានទ្រព្យសម្បត្តិច្រើនជាងផលិតផលក្នុងស្រុកសរុបរបស់អាហ្វ្រិកខាងត្បូង បង់ក្លាដែស ឬដាណឺម៉ាកទៅទៀត។
វាត្រូវបានគេថាជា ‘អាពាហ៍ពិពាហ៍ប្រចាំសតវត្សន៍’ ជាមួយនឹងអាហាររបស់ Michelin star, ពិធីជប់លៀងពពុះ និងតារាច្រើនជាងកម្មវិធី Oscarទៅទៀត ។
ភ្ញៀវកិត្តិយសល្បីៗរួមមាន Oprah Winfrey, Kim Kardashian, Kris Jenner, Kylie Jenner, Leonardo DiCaprio, Usher, Tom Brady និង Bill Gates ។
កូនក្រមុំ Lauren Sanchezនិងកូនកំលោះ Jeff Bezos តែ២នាក់មានទ្រព្យតម្លៃ 263.8 ពាន់លានដុល្លារ ច្រើនជាងតម្លៃសរុបនៃទំនិញ និងសេវាកម្មទាំងអស់ដែលផលិតនៅក្នុងប្រទេសនូវែលសេឡង់។
គូស្នេហ៍មួយគូនេះបានជ្រើសរើសទីក្រុងមួយក្នុងចំណោមទីក្រុងដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ពិភពលោក ដែលជាកន្លែងដែលកញ្ចក់ Murano ដ៏ធំសម្បើមអាចត្រូវបានគេមើលឃើញតាមបង្អួចនៃវិមានដ៏អស្ចារ្យនៅលើ Grand Canal ។ ពួកគេបានកក់សណ្ឋាគារដ៏ប្រណិតបំផុតចំនួនពីររបស់ទីក្រុង Venice គឺ Gritti និង Aman សម្រាប់ភ្ញៀវ ហើយបានបញ្ជាឱ្យទូកម៉ូតូរាប់សិបគ្រឿង ដែលជាមធ្យោបាយតែមួយគត់ដើម្បីធ្វើដំណើរជុំវិញទីក្រុង។