ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញ បានថ្លែងថា ៖ វោហាសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី ប៉ុន្មានថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់បីដូចខាងក្រោម ៖
១. ចាក់ឱ្យសម្ដេចតេជោ ហ៊ុន សែន ពន្លឿនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដកហូតសញ្ជាតិខ្មែរពីកំណើតពីអ្នកដែលគប់គិតនឹងបរទេសបំផ្លិចបំផ្លាញផលប្រយោជន៍ខ្មែរ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបម្រើនយោបាយសម្ដេចតេជោរហូតមក តែខ្ញុំមិនហ៊ាននិយាយថា គាត់ស៊ីឈ្នួលកំដរនយោបាយសម្ដេចតេជោទេ។ ខ្ញុំសូមលើកទឡ្ហីករណ៍មួយចំនួនដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញពីសំឡេង ២ភាគ៣ មក៥០ភាគរយបូក១ កាលពីខែមីនា ឆ្នាំ២០០៦,
សោធនកម្មរដ្ឋធម្មនុញ្ញនិងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីខែតុលា ឆ្នាំ២០២១, និង ការប្រកាសបេក្ខភាពរបស់សម្តេចធិបតីជានាយករដ្ឋមន្ត្រីអនាគត កាលពីខែធ្នូ ឆ្នាំ២០២១, សុទ្ធតែមានអំពើនិងវោហាសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី, ហើយនិន្នាការវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះទៀត ក៏ហាក់ចេញពីអំពើនិងវោហាសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី នេះដដែលទៀត។ លោកពូ ចេម សុខ បានហៅលោក សម រង្ស៊ី ថាជាសាហាយនយោបាយរបស់សម្តេចតេជោ។ អ្នកគាំទ្រគាត់ភាគច្រើន មិនជឿលើរឿងនេះទេ ហើយគេអាចជេរខ្ញុំថែមទៀត។
២. លោក សម រង្ស៊ី ចង់រុញឱ្យមានប្រតិកម្មអវិជ្ជមានកាន់តែខ្លាំងលើរឿងនេះចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ មែនទែនទៅ លោក សម រង្ស៊ី និងបក្សពួកគាត់មួយចំនួន ធ្វើនយោបាយមិនដែលប្រើប្រាស់សញ្ជាតិខ្មែរទេ ព្រោះពួកនេះមានសញ្ជាតិ២។ ដូច្នេះ ទោះដកសញ្ជាតិឬមិនដក ក៏ពួកនេះនៅតែប្រឆាំងរហូតដល់ថ្ងៃស្លាប់ គឺប្រឆាំងនឹងប្រយោជន៍ខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រោះគេកើតមកដើម្បីប្រឆាំង, ស៊ីឈ្នួលប្រឆាំង និងស៊ីឈ្នួលធ្វើសាហាយនយោបាយ។ ដូច្នេះ រឿងដកសញ្ជាតិមិនចាំបាច់ទេ, យើងកុំធ្វើដូចពួកលន់ នល់ និងកុំធ្លាក់ក្នុងអន្ទាក់របស់លោក សម រង្ស៊ី។ យកល្អ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយតម្រូវឱ្យអ្នកនយោបាយទាំងអស់ មិនថានៅថ្នាក់ជាតិឬនៅថ្នាក់មូលដ្ឋាន ត្រូវមានសញ្ជាតិខ្មែរពីកំណើតតែមួយគត់ ជាជាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដកហូតសញ្ជាតិខ្មែរពីកំណើត ដែលនាំឱ្យមានបច្ច័យនយោបាយផ្សេងទៀត។
៣. លោក សម រង្ស៊ី និយាយដោយឈរនៅខាងថៃឈ្លានពានក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលនិងគណបក្សកាន់អំណាច។ ក្នុងស្ថានភាពនេះ ថៃអាចក៏ធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ានអីទេ។
ដូច្នេះ ក្នុងស្ថានភាពនេះ សូមបងប្អូនកុំធ្លាក់ក្នុងអន្ទាក់របស់សាហាយនយោបាយនិងអន្ទាក់របស់បរទេស, សូមអ្នកនយោបាយគ្រប់និន្នាការ អ្នកវិភាគ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកាន់ជំហរតែមួយជាមួយរាជរដ្ឋាភិបាលនិងកងកម្លាំងប្រដាប់អាវុធយើង និងជឿជាក់លើរាជរដ្ឋាភិបាលយើងជុំវិញចំណាត់ការលើរឿងព្រំដែន និងដំណោះស្រាយនិងវិធានការពាក់ព័ន្ធដទៃទៀត៕
ដោយ ៖ សិលា