ភ្នំពេញ ៖ លោកបណ្ឌិត កៅ មុយថង ចាត់ទុក ការប្រកៀកស្មាធ្វើការរួមគ្នា រវាងលោកទូតចិន និងរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា គឺជាគំរូនៃការទូតជាក់ស្តែង ទាក់ទាញទេសចរចិនមកកាន់កម្ពុជា កាន់តែច្រើនឡើង។
អ្នកវិភាគសង្គម លោក បណ្ឌិត កៅ មុយថង បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃអង្គារ ទី១ ខែកក្កដានេះថា ការប្រកៀកស្មាធ្វើការរួមគ្នារវាងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា គឺជាគំរូនៃការទូតជាក់ស្តែង ដើម្បីទាក់ទាញទេសចរចិនមកកាន់កម្ពុជាកាន់តែច្រើនឡើង។ ជាការលើកឡើង ស្របពេលដែល ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបាននិងកំពុងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ជាពិសេស សហការជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ រៀបចំព្រឹត្តិការណ៍ ជាបន្តបន្ទាប់ ដូចជា រួមគ្នាទៅលេងតំបន់ WalkStreet នារាជធានីភ្នំពេញ ជាដើម។
«ខ្ញុំចង់បកស្រាយតាមទស្សនៈ ជាអ្នកវិភាគសង្គម ការប្រកៀកស្មារួមគ្នារវាងឯកឧត្តមអគ្គរដ្ឋទូតចិន និងភាគីកម្ពុជា ឆ្លុះបញ្ចាំងពីទិដ្ឋភាពសំខាន់ៗជាច្រើន។ ការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដល់កម្រិតយុទ្ធសាស្ត្រស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។ សកម្មភាពរួមគ្នាទាំងនេះបង្ហាញពីកម្រិតនៃភាពជិតស្និទ្ធ និងទំនុកចិត្តខ្ពស់រវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ ការប្រកៀកស្មាធ្វើការរួមគ្នា មិនមែនត្រឹមតែទំនាក់ទំនងការទូតផ្លូវការ ឬការទូតប្រពៃណីប៉ុណ្ណោះទេ តែជាការសហការជាក់ស្តែងក្នុងភាពជាតំណាងឱ្យដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សកម្មភាពរួមគ្នានេះ អាចបញ្ជាក់ថា ប្រទេសយើងទាំងពីរមានគោលបំណងរួមក្នុងការជំរុញវិស័យសេដ្ឋកិច្ច (ជាពិសេសទេសចរណ៍) និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំង២។ ជាធម្មតា ឯកអគ្គរដ្ឋទូតភាគច្រើនផ្តោតលើកិច្ចការទូតជាផ្លូវការ ឬហៅថា ការទូតប្រពៃណី ប៉ុន្តែការណ៍ដែលឯកឧត្តមអគ្គរដ្ឋទូតចិនចុះផ្សព្វផ្សាយទេសចរណ៍ផ្ទាល់បែបនេះ បង្ហាញពីការប្តេជ្ញាចិត្តលើសពីកាតព្វកិច្ចការទូតប្រពៃណី»
លោកបណ្ឌិតថា ចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជា មុនសម័យកូវីដ-១៩។ ការណ៍ដែលឯកឧត្តមអគ្គរដ្ឋទូតចិនជួយផ្សព្វផ្សាយផ្ទាល់ គឺជាការវិនិយោគលើការស្តារឡើងវិញនូវលំហូរទេសចរណ៍ចិន ដើម្បីជាប្រយោជន៍សេដ្ឋកិច្ចកម្ពុជា។ សម្រាប់ចិនវិញ នេះក៏ជាផ្នែកមួយនៃការគាំទ្រដល់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសជាដៃគូ៕
ប្រភព ៖ «CCFR China state-controlled media »