ជាង១០ឆ្នាំមុន មកញញឹមមើលសមិទ្ធផលទាំងឈឺជិះរទេះរុញ ថ្ងៃនេះ សម្ដេច ជា សុីម ឈរញញឹមជាអមតៈនៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ

ចែករំលែក៖

ខេត្តព្រៃវែង ៖ កាលពីជាង១០ឆ្នាំមុន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កំពុងឋិតក្នុងវ័យជរា និងយាយីដោយរោគា តាមដំណើរធម្មជាតិនៃសត្វលោក ដូចព្រះពុទ្ធដីការ មានរូប មានទុក្ខ ជរា ព្យាធិ និងមរណៈ។ ទោះបីមានសុខភាពទ្រុឌទ្រោម ពឹងអាស្រ័យការធ្វើដំណើរដោយមានជំនួយពីរទេះរុញ សម្ដេច ជា ស៊ីម នៅតែមានកម្លាំងចិត្តមិនថមថយ ដោយសម្ដេចបានធ្វើដំណើរមកពិនិត្យវឌ្ឍនភាពនៃការអប់រំបណ្ដុះបណ្ដាល នៅសាកលវិទ្យាល័យកំចាយមារ ដែលសម្ដេចផ្ទាល់ បានផ្ដួចផ្ដើមជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ព្រមទាំងសប្បុរសជន និងអង្គការម្ចាស់ជំនួយ បង្កើតជាលើកដំបូងក្នុងខេត្តព្រៃវែង ដែលជាទឹកដីកំណើតតស៊ូ។

នៅថ្ងៃនេះ ក្រុមគ្រួសារសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ តំណាងដោយលោកជំទាវ ញ៉ែម សាខន សម្ដេចក្រឡាហោម ព្រមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ បានអញ្ជើញប្រារព្ធកិច្ចជយតុ សម្ពោធរូបសំណាក សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម ឈរតម្កល់ក្នុងបុស្បុក នៃបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ។ ពិធីនេះ បានរៀបចំក្នុងឱកាសនៃពិធីបុណ្យរំលឹកខួបជូនសម្ដេច និងលោកជំទាវ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ 

ជាងមួយទសវត្សរ៍បន្ទាប់ពីទទួលអនិច្ចកម្មឃ្លាតចាកមាតុភូមិ ក្រុមគ្រួសារ និងជនរួមជាតិ និងដោយឡែកឃ្លាតពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ វត្តមានរូបសំណាក សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម នាថ្ងៃនេះ មានអត្ថន័យបញ្ជាក់ថា ចាប់ពីពេលនេះតទៅ សម្ដេចនៅឈរញញឹមជានិមិត្តរូបអមតៈ លើកទឹកចិត្តកូនចៅជំនាន់ក្រោយ ឱ្យខិតខំសិក្សារៀនសូត្រ ដ្បិតកាលពីជំនាន់សម្ដេចនៅរៀន តស៊ូ និងក្រោយការដួលរលំនៃរបបខ្មែរក្រហម តំបន់នេះជាមូលដ្ឋានក្រីក្រ និងលំបាកសិក្សារៀនសូត្រ។ 

ពាក់ព័ន្ធប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់បានមានប្រសាសន៍ថា “សម្ដេច ជា ស៊ីម កាលគាត់មានព្រះជន្ម គាត់បានចង្អុលសុំទៅអង្គការវេទមហាឬស្សី មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ដែលមិនសូវមានធនធានច្រើនប៉ុន្មានទេ តែមានឆន្ទៈ មានធនធានមនុស្ស មានគ្រូ និងមានកម្មវិធីសិក្សាល្អៗ។ សម្ដេច គាត់ចង្អុលឱ្យមកធ្វើសាលានៅកន្លែងហ្នឹង (សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ) ហើយគ្នាក៏មកធ្វើមែន។ ធ្វើហើយដំណើរការតិតក់ៗ ព្រោះមិនមានលុយដើម្បីធ្វើអគារល្អៗនៅឡើយ”។ 

បើតាមកំណត់ត្រាក្នុងសៀវភៅទស្សនៈ សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២ រៀបរៀងដោយលោក រ៉េន រតនៈ នាពិធីសម្ពោធអគារសិក្សាសាលាបឋមសិក្សានៅឃុំបឹងព្រះ ស្រុកបាភ្នំ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម បានរំលឹកថា “នៅពេលដំណើរការដំបូងដោយអង្គការវេទមហាឫស្សី សាលានេះមានសភាពខ្វះខាតខ្លាំង សូម្បីតែផ្ទះគ្រូក៏បាំងស្លឹកត្នោត ប្រក់ស្លឹកត្នោត ផ្ទះសិស្សនិស្សិតស្នាក់នៅក៏ដូចគ្នា។ ចំណែកសាលសហសិក្សាធ្វើពីដែកចាស់ៗប្រក់សង្កសី គ្មានក្រាលការ៉ូ ឬបេតុងអ្វីទេ រៀនលើដីតែម្ដង។ ឃើញវេទនាបែបនេះ ខ្ញុំក៏ចាប់ផ្ដើមជួយអគារមួយខ្នង៧បន្ទប់។ ក្រោយមក អង្គការក៏សុំដកខ្លួន។ ខ្ញុំក៏សុំឱ្យទុកសាលាហ្នឹង ទុកឱ្យខ្ញុំជួយគាំទ្របន្ត ព្រោះ សម្ដេច ជា ស៊ីម លោកខំផ្ដួចផ្ដើម និងជួយច្រើនឆ្នាំហើយដែរ”។ 

បន្តរំលឹកដល់សម្ដេច ជា ស៊ីម សម្ដេចក្រឡាហោម ស ខេង ដែលត្រូវជាប្អូនថ្លៃ និងក៏ជាអតីតសហការីរួមចំណែកតស៊ូរំដោះជាតិជាមួយសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀត បានមានប្រសាសន៍ទាំងទឹកមុខស្រងូតស្រងាត់ អំពីវត្តមានចុងក្រោយរបស់សម្ដេច ជា សុីម នៅសាកលវិទ្យាល័យនេះថា”កាល សម្ដេច ជា ស៊ីម លោកនៅមានព្រះជន្ម ខ្ញុំធ្លាប់បានអញ្ជើញគាត់ មើលសាលាហ្នឹងម្ដងដែរ តែកាលហ្នុងគាត់ជិះរទេះរុញទៅហើយ គាត់ឈឺធ្ងន់ហើយ តែគាត់បានមកមើលលើកចុងក្រោយ គាត់សប្បាយចិត្តគាត់ណាស់ ព្រោះយើងធ្វើឱ្យបានសមរម្យសម្រាប់ជាកន្លែងអប់រំនៅជនបទ សម្រាប់កូនចៅយើងបានរៀនសិក្សារៀនសូត្រ”។ 

សូមបញ្ជាក់ថាបច្ចុប្បន្ន សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ មានបរិវេណសិក្សាទំនើប រួមមានបណ្ណាល័យ មន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលកុំព្យូទ័រ ដើម្បីគាំទ្រដល់ការសិក្សា និងការស្រាវជ្រាវរបស់និស្សិត។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សាជាច្រើនកម្រិតឧត្តមសិក្សា រួមមានកម្រិតបរិញ្ញាបត្រ និងអនុបណ្ឌិត ក្នុងវិស័យផ្សេងៗដូចជា កសិកម្ម គ្រប់គ្រងអាជីវកម្ម ការអប់រំ បច្ចេកវិទ្យាព័ត៌មាន និងសិក្សាសង្គម។ បច្ចុប្បន្នសាកលវិទ្យាល័យ បានបង្កើតបន្ថែមនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់បច្ចុប្បន្នដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បាននិងកំពុងគាំទ្រការរៀបចំទីតាំងសាកលវិទ្យាល័យទាំងមូលឱ្យក្លាយជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រប់កម្រិត ចាប់ពីថ្នាក់មតេយ្យ រហូតដល់ក្រោយឧត្តមសិក្សា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print