ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី
សមិទ្ធផលរយៈពេល ១ឆ្នាំ នៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥) !
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ហៅកាត់ថា អ.ជ.ក.) មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមនៃការដោះស្រាយវិវាទ ជាផ្លូវការ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ គឺមានរយៈពេល ១ឆ្នាំគត់ ដែល អ.ដ.ក. បានធ្វើការ សម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។ ជាលទ្ធផល ក្នុងរយៈពេល ១ ឆ្នាំនេះ អ.ដ.ក. បានអនុវត្តការងាររបស់ខ្លួនដោយសម្រេចបាននូវសមិទ្ធផលដូចខាងក្រោម៖
ទី១- អ.ជ.ក. បានចាប់ផ្តើមទទួលពាក្យបណ្តឹងស្នើសុំសម្រុះសម្រួលដោះស្រាយវិវាទពីប្រជាពលរដ្ឋ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដើម្បីយកមកពិនិត្យ និងដោះស្រាយ ប៉ុន្តែ ការដោះស្រាយវិវាទនៅ អ.ជ.ក. ទើបអាចចាប់ផ្តើមធ្វើការដោះស្រាយវិវាទជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ប៉ុណ្ណោះ ដោយសារតែផ្អែក តាមច្បាប់ ការសម្រុះសម្រួលដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ត្រូវធ្វើឡើងដោយមន្ត្រីសម្រុះសម្រួល ដោះស្រាយវិវាទដែលត្រូវបានជ្រើសរើស និងទទួលបាននីតិសម្បទាពី អ.ជ.ក.។ ក្នុងន័យនេះ អ.ជ.ក. ត្រូវការ ពេលវេលាមួយចំនួនដើម្បីធ្វើការបណ្តុះបណ្តាល និងផ្តល់នីតិសម្បទាដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ មុននឹងអាចអនុញ្ញាតឱ្យមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ អាចចាប់ផ្តើមធ្វើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ បាននិងកំពុងទទួលដោះស្រាយនូវសំណុំរឿងវិវាទជូន ប្រជាពលរដ្ឋ ទាំងការដោះស្រាយសំណុំរឿងវិវាទនៅទីតាំងនៃអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. និងទាំងការចុះ ទៅដោះស្រាយសំណុំរឿងវិវាទផ្ទាល់ដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ, អ.ដ.ក. បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសរុប ចំនួន ១,១១៣ ករណី ដែលក្នុងនោះ ក្នុងឆ្នាំ ២០២៤ មានសំណុំរឿងចំនួន ៤៦៦ ករណី និងក្នុងឆមាសទី១ ឆ្នាំ ២០២៥ មានសំណុំរឿងចំនួន ៦៤៧ ករណី។ ក្នុងចំណោមសំណុំរឿងទាំងអស់ដែល អ.ដ.ក. បានទទួល ក៏មាន សំណុំរឿងដែលបានបញ្ជូនមក អ.ជ.ក. ពីស្ថាប័នជាដៃគូថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ដែលបានចុះអនុស្សរណៈនៃ ការយោគយល់គ្នា (MOU) ជាមួយ អ.ជ.ក. ចំនួន ៣៩ ករណី ផងដែរ។
ចំពោះប្រភេទនៃសំណុំរឿងវិវាទដែល អ.ជ.ក. បានទទួលច្រើនជាងគេ គឺ វិវាទដីធ្លី ដែលមានចំនួនដល់ ទៅ ៤២៤ ករណី ស្មើប្រមាណជា ៣៨% ធៀបនឹងសំណុំរឿងទាំងអស់។ បន្ទាប់មក វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ គឺឈរនៅលំដាប់លេខរៀងទី២ ដែលមានចំនួនសរុប ៣៣៧ ករណី ស្មើប្រមាណជា ៣០% ហើយវិវាទពាក់ព័ន្ធនឹងការទិញ-លក់អចលនវត្ថុ នៅលំដាប់លេខរៀងទី៣ មានចំនួនសរុប ១០៦ ករណី ស្មើ ប្រមាណ ជា ៩% ព្រមទាំងមានប្រភេទសំណុំរឿងវិវាទផ្សេងៗ មួយចំនួនទៀត។
ទី២- បើគិតពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដែលមានរយៈពេល ១ ឆ្នាំនេះ, អ.ដ.ក. បានចាត់ការសំណុំរឿងសរុបបានចំនួន ៤៧៤ ករណី ក្នុងចំណោមសំណុំរឿងដែលទទួល បានសរុបចំនួន ១,១១៣ ករណី។ នៅក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចទាំងអស់ គឺមានសំណុំរឿង ចំនួន ២៩២ ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ និងបានឈានទៅដល់ការចេញ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ, សំណុំរឿងចំនួន ៥៣ ករណី ត្រូវបានលើកចោលដោយសារខុសសមត្ថកិច្ច ឬខុសលក្ខខណ្ឌនៃការធ្វើបណ្ដឹង, សំណុំរឿងចំនួន ១២៩ ករណី ត្រូវបានបិទបញ្ចប់ ដោយសារភាគីមិនទទួល យកនូវការសម្រុះសម្រួល ហើយដោយឡែក សំណុំរឿងចំនួន ៦៣៩ ករណី កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់ អ.ជ.ក.។
ទី៣- នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូ អ.ជ.ក. បានសហការជាមួយស្ថាប័ន ដៃគូជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យប្រសើរ ឡើងនូវយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីពង្រឹង-ពង្រីកនូវ ការផ្តល់សេវាដោះស្រាយវិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ សំដៅបង្ខិតសេវាដោះស្រាយ រីវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួល។ បើគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ. អ.ដ.ក. បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងស្ថាប័នថ្នាក់ជាតិ ចំនួន ៤ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១០ រាជធានី-ខេត្ត។ នៅពេលខាងមុខ អ.ដ.ក. នឹងបន្តចុះផ្សព្វផ្សាយអំពី បេសកកម្មរបស់ អ.ជ.ក. និងចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានគ្រប់ខេត្តទូទាំងប្រទេស។
ទី៤- នៅក្នុងកិច្ចប្រជុំលើកទី ១០ របស់ អ.ដ.ក. កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥, អ.ដ.ក.
បាន ពិនិត្យ សម្រេច និងគាំទ្រលើឯកសារទស្សនាទានស្តីពីការអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅ តំបន់ជនជាតិដើមភាគតិច និងនៅតំបន់ដាច់ស្រយាល ហើយតាមរយៈការអនុវត្តគម្រោងខាងលើនេះ, ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តគោលដៅចំនួន ៤ នៅភាគឦសាន្ត រួមមាន៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នឹងត្រូវបានបង្កើតឡើង។ ការបង្កើតការិយាល័យតំណាង អ.ជ.ក. គឺជាការ បោះជំហានថ្មីមួយទៀតរបស់ អ.ជ.ក. ក្នុងការពង្រីកយន្តការនៃការទទួលពាក្យបណ្តឹង និងការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច និង ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តគោលដៅទាំង ៤ ខាងលើ នឹងត្រូវធ្វើពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក. នាពេលឆាប់ៗ ខាងមុខនេះ។
ទី៥- ឆ្លៀតក្នុងឱកាសនេះ អ.ជ.ក. ក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ និងតួអង្គពាក់ព័ន្ធទាំងអស់ ក៏ដូចជាស្ថាប័នដៃគូជាតិ និងអន្តរជាតិ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវ ខ្ពស់ ក្នុងការអនុវត្តការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យសម្រេចបាននូវសមិទ្ធផលល្អ ដើម្បីបម្រើជាឧត្តម
ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា