ខេត្តកំពង់ធំ៖ លោក វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ខេត្តកំពង់ធំមានផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ២០២៦-២០៣០ ដោយបានកំណត់ទីតាំងប្រាសាទសំបូរព្រៃគុក តំបន់ស្ទឹងព្រៃប្រស់ ក្រុងស្ទឹងសែន និងភ្នំសន្ទុក ដែលជាប៉ូលទេសចរណ៍អាទិភាព។ ទន្ទឹមនេះកំពុងរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានខេត្តកំពង់ធំ និងផែនការអភិវឌ្ឍក្រុង និងតាមទីប្រជុំជនសំខាន់ៗ។
លោក វង្សី វិស្សុត បានឱ្យដឹងថា ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្ស បាន (ក). ដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ ប្រាក់ចំណូល ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, (ខ). បង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, យុត្តិធម៌, អប់រំ, សុខាភិបាល, សង្គមកិច្ច, និងសេវារដ្ឋបាល ព្រមទាំងសេវាពាក់ព័ន្ធនឹងអាជីវកម្ម និងធុរកិច្ច និង (គ). បន្តដោះស្រាយបញ្ហាសមធម៌និងយុត្តិធម៌សង្គម ដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូលដ្ឋាននៃជំនឿទុកចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល។
– លោក វង្សី វិស្សុត បានឱ្យដឹងថា គិតមកទល់ពេលនេះ ខេត្តកំពង់ធំបានរៀបចំ និងដាក់ឱ្យអនុវត្ត ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្ត មានចំនួន ៣៣២ គម្រោង និងផ្តោតលើផ្លូវ និងស្ពាន ប្រឡាយ និងទំនប់ទឹក អគ្គិសនី និងទឹកស្អាត។
– លោក វង្សី វិស្សុត បានឱ្យដឹងថា ក្រុមការងារបក្ស បានរៀបចំក្រុមការងារចល័តអន្តរាគមន៍បន្ទាន់ចំនួន២ក្រុម ដោយមានការបំពាក់គ្រឿងចក្រគ្រប់គ្រាន់សម្រាប់ចេញធ្វើអន្តរាគមន៍ជួយជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច។ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ២០២៥ បានជួសជុលផ្លូវ សរុបប្រវែង ៥៣ ៦០៣ ម៉ែត្រ និងស្តារប្រឡាយទឹកបានជាច្រើនខ្សែ ដោយប្រើប្រាស់ធនធានផ្ទាល់របស់គណៈពង្រឹង និងសប្បុរសជន។
-លោក វង្សី វិស្សុត បានឱ្យដឹងថា ក្រុមការងារចុះពង្រឹង បានសម្របសម្រួល និងឧបត្ថម្ភសមាជិកសហគមន៍ស្រុកសណ្តាន់ទៅសិក្សាស្វែងយល់អំពីវិធីដាំបន្លែនៅខេត្តសៀមរាប ព្រមទាំងបានសម្របសម្រួល និងចងក្រងផលិតផល ២១ មុខក្នុងខេត្តកំពង់ធំ ដែលមានវិញ្ញាបនបត្រទទួលស្គាល់ជាសមាជិកភូមិមួយផលិតផលមួយ។
លោក វង្សី វិស្សុត បានឱ្យដឹងថា គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំថ្មីនេះ គ្រោងនឹងសាងសង់ឱ្យបានរួចរាល់ មុនដំណាច់ឆ្នាំ២០២៦ ដែលត្រូវចំណាយថវិកាប្រមាណ ២ ៦៦៧ ៩៧៦ដុល្លារ រួមបញ្ចូលថវិកាចំណាយលើទីប្រឹក្សាបច្ចេកទេស (Consultant) ប៉ុន្តែមិនទាន់បូករួមលើការចំណាយ ក្នុងការចាក់ដីបំពេញ និងកែលម្អដី ព្រមទាំងពន្ធអាករ ក្នុងករណីច្បាប់តម្រូវឱ្យបង់។
លោក វង្សី វិស្សុត បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញមកសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅឆ្នាំ ២០២៧ ខាងមុខ បន្ទាប់ពីសាងសង់រួចរាល់៕ដោយ៖តារា