លិខិតមិត្តអ្នកអាន៖ ខ្មែររួមគ្នាតស៊ូក្នុងរយៈពេលវែង ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន និងត្រៀមខ្លួនវាយបកវិញគ្រប់កាលៈទេសៈ

ចែករំលែក៖

ភ្នំពេញ : អ្នកនយោបាយជ្រុលនិយមសៀម ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងងងើលថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ គេនឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។ សំដីដ៏ព្រហើន របស់ ស៊ិនធិ លឹមថងគុល គឺបានបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតារបស់ពួកចោរសៀមជ្រុលនិយម ដែលចង់បានទឹកដីរបស់កម្ពុជាម្តងហើយម្តងទៀតដោយគ្មានការអៀនខ្មាស់បន្តិចសោះ។

ការលើកឡើងបែបជ្រុលនិយម ចង់ឈ្លានពានកម្ពុជាទាំងងងើល របស់អ្នកនយោបាយថៃរូបនេះ គឺជាការនិយាយឱ្យតែរួចពីមាត់ ចង់បានប្រជាប្រិយភាពហួសពីមាឌ និងគ្មានយុទ្ធសាស្រ្តនយោបាយច្បាស់លាស់ ប្រៀបដូចជាសត្វមមាចមិនខ្លាចភ្លើងដូច្នោះដែរ។ ពាក្យបុរាណខ្មែរបានពោលថា «ពេលឃើញមជ្ឈូស ទើបស្រក់ទឹកភ្នែក» យ៉ាងណាមិញ ជនជ្រុលនិយមសៀម ស៊ិនធិ លឹមថងគុល នេះក៏ជាមនុស្សប្រភេទនេះដែរ ដោយជននេះភ្លេចគិតថាការនិយាយរបស់ខ្លួនគឺជាសម្តីចង់បង្កសង្គ្រាម រវាងប្រទេសកម្ពុជា-ថៃ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់អាស៊ានផងដែរ។ ឋិតក្នុងកាលៈទេសៈប្រឈមមុខនឹងចោរសៀម ដែលគំរាមកំហែងចង់ឈ្លានពានទឹកដីរបស់កម្ពុជា និងគំរាមកំហែងលើផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មផង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជាឱឡារឹកថា ឆ្លើយតបនឹងចរិតឈ្លានពានរបស់សៀមបែបនេះ យើងត្រូវតែពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងក៏ត្រូវបន្តការចរចា ដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់ចប់ផងដែរ។ សម្តេចតេជោ បញ្ជាក់ថាយើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធា នយោបាយ ការទូត សេដ្ឋកិច្ច និងផ្លូវច្បាប់។ ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់ លទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនអាចនឹងកើតឡើងដោយមិនអាចកំណត់បានឡើយ។

សារដ៏មានសារៈសំខាន់របស់ សម្តេចតេជោ ហ៊ុន សែន ពិតជាឱសថទិព្វដាស់តឿនដល់ជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរួមគ្នាជាចលនាជាតិនិយមតែមួយ ដោយប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងនិងសត្រូវដែលចង់ឈ្លានពាន និងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបកវិញ តបតនឹងឧបាយកលដ៏ខ្មៅកខ្វក់របស់ពួកចោរសៀមឈ្លានពាននៅគ្រប់កាល:ទេស:។ ជាពិសេសគឺអ្នកនយោបាយជ្រុលនិយមសៀមតែម្តង ដែលចិញ្ចឹមចិត្ត និងមានមហិច្ឆតាចង់លេបទឹកដីកម្ពុជានាពេលនេះ។ ការរួបរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជន និងកងទ័ពនាពេលនេះគឺជាខឿនការពារជាតិដ៏រឹងមាំ មិនអាចឱ្យខ្មាំងសត្រូវមានឱកាសគំរាមកំហែងតាមទំនើងចិត្តបានឡើយ។ ពួកចោរសៀមនឹងត្រូវបរាជ័យយ៉ាងអាម៉ាស់ប្រសិនបើពួកវាហ៊ានឈ្លានពានចូលទឹកដីកម្ពុជានៅចំណុចណាមួយ ព្រោះប្រមុខដឹកនាំកម្ពុជាបានប្រកាសរួចហើយថា និងមិនឱ្យបាត់ដីសូម្បីមួយមីលីម៉ែត្រឡើយ។ បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី គឺមានសាមគ្គីភាពយ៉ាងរឹងមាំ និងឯកភាពគ្នាជាធ្លុងមួយ ព្រមទាំងត្រៀមខ្លួនជានិច្ចក្នុងការចូលរួម និងគាំទ្រដល់ប្រមុខដឹកនាំប្រទេសក្នុងការវាយបកចំពោះសត្រូវឈ្លានពាន នៅគ្រប់កាលៈទេសៈទាំងអស់៕

...

ដោយ៖ ឌី វីរ:

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print