ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាសហធិបតីក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី ២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ដែលបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធី លោកស្រីភារធារី បានជម្រាបជូនថា ទិវាឯករាជ្យរបស់សហរដ្ឋអាម៉េរិក គឺជាពេលវេលាមួយសម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញថា តើសហរដ្ឋអាម៉េរិកបានចេញដំណើរមកពីទីណា ហើយកំពុងមានទិសដៅធ្វើដំណើរទៅកាន់ទីណា។ លោកស្រីបានបន្ថែមថា ទិវានេះគឺជាពេលមួយសម្រាប់ជនជាតិអាម៉េរិកជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងស្មារតីនៃការដឹងគុណចំពោះអ្វីដែលបុព្វបុរសបានកសាងឡើង ហើយរួមគ្នាខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីទទួលបាននូវសមិទ្ធផលថ្មីៗ ដែលជាការបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់អាម៉េរិកផ្ទាល់។ ជាមួយគ្នានេះ លោកស្រីក៏បានរំលេចអំពីខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក ដោយបានបញ្ជាក់ថា នេះគឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយដែលមានភាព រុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។
ជាកិច្ចបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីភារធារី ដែលបានផ្តល់កិត្តិយសអញ្ជើញរូបឯកឧត្តមចូលរួមជាអធិបតី ក្នុងពិធីដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ មិនត្រឹមតែសម្រាប់ប្រជាជនអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិគ្រប់រូបដែលប្រកាន់ខ្ជាប់នូវឧត្តមគតិនៃសេរីភាព អធិបតេយ្យភាព និងការតស៊ូអត់ធ្មត់។
ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងរួមគ្នាអបអរខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសជាតិយើងទាំងពីរបានកសាងនូវភាពជាដៃគូយ៉ាងរឹងមាំ និងកាន់តែស្អិតរមួត ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ។ ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវទឹកចិត្តអរគុណដ៏ស្មោះស្ម័គ្រ ចំពោះការគាំទ្រ និងចំណងមិត្តភាពដ៏យូរអង្វែងរបស់សហរដ្ឋអាម៉េរិក។ ជាពិសេស លោកបានសម្តែងនូវការកោតសើរជូនចំពោះ លោកស្រីភារធារី ព្រមទាំងសហការីទាំងអស់នៅស្ថានទូតសហរដ្ឋអាម៉េរិក និងសហគមន៍ជនជាតិអាម៉េរិកនៅកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតអំពីការនឿយហត់លើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការងាររបស់ពួកគាត់គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផ្ទាល់ផងដែរ។
ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាដែរថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ ជាមួយទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ។ លោក សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងបន្តកត់ត្រាភាពជាដៃគូពោរពេញដោយទំនុកចិត្តរវាងគ្នានិងគ្នា ប្រកបដោយវឌ្ឍនភាព និងនវានុវត្តន៍ បន្តយូរអង្វែងទៅមុខទៀត៕