កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ ករណីផាកក្រុមជនជាតិឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល កាលពីកន្លងទៅថ្មីៗនេះ។

ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច។

សូមបញ្ជាក់ថា កន្លងមក លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print