ខេត្តបាត់ដំបង÷នៅរសៀលថ្ងៃទី ០៤ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៤និង៥០នាទី គ្រោះអគ្គិភ័យមួយបានកើតឡើង ក្នុងលំនៅដ្ឋានជាផ្ទះធ្វើអាជីវកម្មលក់គ្រឿងអេឡិចត្រូនិចឈ្មោះ វែង ពិសី ស្ថិតក្នុងក្រុមទី១២ ភូមិ ព្រែកមហាទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានម្ចាស់ឈ្មោះ វែង ពិសី ភេទស្រីអាយុ ៥៨ឆ្នាំ ដែលនៅជាប់ជញ្ជាំងខាងកើតនៃផ្សារហេងឆាយលី ។
ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង កងកម្លាំងនគរបាលជំនាញអគ្គិភ័យនៅស្នង ការដ្ឋាន រួមទាំងរថយន្តអគ្គិភ័យ មកពីបណ្តាស្រុក និងកម្លាំងអន្តរាគមន៍របស់ស្នងការដ្ឋានសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន មន្រ្តីអគ្គិស នី ប្រជាពលរដ្ឋ មហាជនផង ប្រើប្រាស់ រថយន្តអគ្គិភ័យចំនួន៨គ្រឿង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៣០ រថយន្ត ហើយប្រើប្រាស់ពេលអស់ប្រមាណជាង ៤ម៉ោងទើបអាចគ្រប់គ្រងស្ថានការបាននៅត្រឹមម៉ោង ១៨ មុននេះ។
គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ប៉ុន្តែទ្រព្យសម្បត្តិដែលស្ថិតក្នុងលំនៅដ្ឋាននេះត្រូវទទួលការខូចខាតស្ទើរ ទាំង ស្រុង រួមទាំងលំនៅដ្ឋានជាន់ទី១រហូតជាន់ទី០៣ ។
ដោយកិច្ចអន្តរាគមន៍យ៉ាងខ្លាំងក្លាពីកម្លាំងចម្រុះទើបអគ្គិភ័យនេះ មិនអាចបន្តរាលដាលទៅដល់លំនៅដ្ឋានជាប់គ្នារួមទាំង ផ្សារហេងឆាយលីដែលនៅជាប់ជញ្ជាំងនោះផង។
ចំពោះមូលហេតុនៃអគ្គិភ័យនេះ ត្រូវដឹងជាបឋមថាបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី នៅជាន់ទី០១ ហើយរាលដាលទៅជាន់ខាងលើ ជាបន្តទៀត។
នៅពេលនេះសមត្ថកិច្ចនគរបាលជំនាញ នៅបន្តបាញ់ទឹកបន្ថែមទៀត និងបន្ត សហការជាមួយជនរងគ្រោះ ដើម្បីប្រមូលព័ត៌មានជុំវិញករណីនេះនិងវាយតម្លៃទំហំនៃការខូចខាតទ្រព្យសម្បត្តិនិងកត្តារួមផ្សំផ្សេងទៀត៕