លោក​ ទូច​ សុខៈ៖​ កម្ពុជា​ ឈ្នះថៃសម័យសម្ដេចឪ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងប្រាសាទព្រះវិហារ!

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ទូច​ សុខៈ​ អ្នកនាំពាក្យ​រងក្រសួង​មហាផ្ទៃ​ បានថ្លែង​នៅព្រឹកថ្ងៃ​ចន្ទ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២៥នេះថា៖​ កម្ពុជាឈ្នះថៃសម័យសម្ដេចឪ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងប្រាសាទព្រះវិហារ!

លោកអ្នកនាំពាក្យ​ បានបន្តថា​ ក្នុងវរោកាសគម្រប់ខួប១៧ឆ្នាំ ដែលអង្គការសហប្រជាជាតិ យូណេស្កូ សម្រេចចុះបញ្ជីប្រាសាទព្រះវិហារកម្ពុជាជាសម្បត្តិបេតិកភណ្ឌពិភពលោក»នេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមដកស្រង់ដោយសង្ខេបអំពីប្រវត្តិចិញ្ចឹមចិត្តរបស់អ្នកដឹកនាំថៃ និងក្រុមជ្រុលនិយមមួយចំនួនរបស់ថៃ នៅគគ្លើនចង់លេបត្របាក់ប្រាសាទព្រះវិហារកម្ពុជា។ ក្នុងនោះខ្ញុំសូមដកស្រង់សង្ខេបពីឯកសារប្រវត្តិសាស្ត្រជូនដូចខាងក្រោម៖

១.កម្ពុជាឈ្នះថៃសម័យសម្ដេចឳ!
-ក្រោមការដឹកនាំរបស់សម្ដេចឳ ព្រះបរមរតនកោដ្ឋិ នរោត្តមសីហនុ លោកសម្រេចដាក់បណ្ដឹងទាមទារកម្មសិទ្ធិទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៥៤ ដោយសារតែទាំងបារាំងដែលជាអាណាព្យាបាលកម្ពុជា\អាណានិគម និងបន្ទាប់ពីបារាំងប្រគល់ឯករាជ្យឱ្យកម្ពុជា ការចរចារាប់ភ្លេចគ្មានបានលទ្ធផល ពោលគឺ ថៃមិនព្រមទទួលស្គាល់ការពិតថាតំបន់ជុំវិញ និងប្រាសាទព្រះវិហារ ជាកម្មសិទ្ធិរបស់កម្ពុជា និងមិនដកកម្លាំងថយចេញពីតំបន់ប្រាសាទព្រះវិហារទេនោះ។
-ទីបំផុតនៃបណ្ដឹងដឹកនាំដោយរាជរដ្ឋាភិបាលសម្ដេចឳ ប្រាសាទព្រះវិហារ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិ ICJ ចេញសាលដីកាចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ សម្រេចសេចក្ដីថា«តំបន់ជុំវិញប្រាសាទព្រះវិហារ និងប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់កម្ពុជាម្នាក់ឯង។ រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦២ វេលាម៉ោង១២ថ្ងៃត្រង់ ថៃបានដកកម្លាំងចេញពីតំបន់ជុំវិញនិងប្រាសាទព្រះវិហារកម្ពុជា។

២.កម្ពុជាឈ្នះថៃសម័យសម្ដេចតេជោ ហ៊ុន សែន!
-សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានធ្វើលិខិតមួយច្បាប់ ផ្ញើជូនទៅលោកអគ្គនាយកអង្គការយូណេស្កូ គឺលោក កយឆិរ៉ូ ម៉ាត់ស៊ូអូរ៉ា(Koichiro Matsuura) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១។ រហូតមកដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៦ កម្ពុជាបានរៀបចំគ្រប់ឯកសារដាក់ជូនអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

-មេដឹកនាំថៃនិងក្រុមជ្រុលនិយមមួយចំនួនរារាំងដំណើរការ
ដំណឹងកម្ពុជាដាក់លិខិតចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក បានធ្វើឱ្យមេដឹកនាំថៃនិងក្រុមជ្រុលនិយមមួយចំនួន កើតក្ដីក្ដៅមួរហ្មង ដោយបានរិះរកគ្រប់យុទ្ធវិធីដើម្បីរារាំង កុំឱ្យកម្ពុជាទទួលជោគជ័យក្នុងការចុះបញ្ជីនេះ។ ពួកគេ បានប្រើយុទ្ធនាការគ្រប់បែបយ៉ាង ជាអាទិ៍៖
ទី១.បញ្ហាព្រំដែនកម្ពុជាថៃ មិនទាន់មានការកំណត់យល់ព្រមគ្នា ឬដែលមិនទាន់ឯកភាពគ្នា
ទី២.គេស្នើសុំកម្ពុជាឱ្យបញ្ចូល«ស្រះត្រាវ»ក្នុងប្រាសាទព្រះវិហារ ដើម្បីចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកដែរដែលនៅទល់មុខប្រាសាទព្រះវិហារ
ទី៣.គេទាមទារគ្រប់គ្រងប្រាសាទព្រះវិហារ ដោយយកលេសថា កម្ពុជាពុំមានសមត្ថភាពក្នុងការគ្រប់គ្រង
ទី៤.មេដឹកនាំថៃ គម្រាមថា ប្រសិនជាប្រាសាទព្រះវិហារត្រូវចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកសង្គ្រាមអាចផ្ទុះឡើងហើយថៃ\សៀមមិនទទួលខុសត្រូវទេ។

-ប៉ុន្តែទោះជាយ៉ាងក្ដី រាល់ការរារាំងមិនបានដូចប្រាថ្នាទេ គឺប្រាសាទព្រះវិហារដែលជារបស់កម្ពុជា ត្រូវអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ហៅកាត់ថា អង្គការយូណេស្កូ សម្រេចជាឯកច្ឆ័ន និងជាសាធារណៈតាមច្បាប់អន្តរជាតិ ចុះបញ្ជីប្រាសាទព្រះវិហារកម្ពុជា ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ដូចការគម្រាមរបស់ថៃមែនដែលថា «ប្រសិនជាប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក សង្គ្រាមអាចផ្ទុះឡើង…» គឺព្រះសង្ឈ អាចារ្យ និងដូនជីក្លែងក្លាយរបស់ថៃទាំងបីរនេះ បានផ្លោះរបងប្រាសាទព្រះវិហារ ត្រង់ចំណុចព្រំដែនកម្ពុជា-ថៃចូលមកតំបន់ប្រាសាទព្រះវិហារទឹកដីកម្ពុជា។ ភ្លាមៗនោះភាគីកម្ពុជា បានចេញប្រតិបត្តិការនាំខ្លួនជនក្លែងក្លាយទាំងបីនេះបញ្ជូនត្រឡប់ទៅទឹកដីថៃវិញភ្លាមៗដែរ។ ទន្ទឹមគ្នានេះ ក៏មានក្រុមជ្រុលនិយមថៃបានប្រមូលផ្ដុំទាំងក្នុងប្រទេសខ្លួន និងជាប់ព្រំដែនកម្ពុជា ប្រឆាំងនឹងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ដោយយកលេសថា បាត់ប្រជាជនខ្លួននៅតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ វេលាម៉ោង១២ថ្ងៃត្រង់ ថៃបានបញ្ជូនយោធាខ្លួនសម្រុកឡើងចូលមកដោយព័ទ្ធវត្តិកែវគិរីស្វរៈ និងទីស្នាក់កងកម្លាំងប្រចាំប្រាសាទព្រះវិហារ។ តាមច្បាប់អន្តរជាតិ នេះគឺជាការឈ្លានពានបូរណភាពទឹកដីរបស់រដ្ឋ។

-ការផ្ទុះអាវុធបានកើតឡើងជាបន្តបន្ទាប់ ដែលយោធាថៃ បាញ់ប្រហារស្រោចគ្រាប់ដូចទឹកភ្លៀង ដោយអាវុធតូចធំចម្រុះ បណ្ដាលឱ្យឆេះព្រៃប្រឹក្សាជុំវិញប្រាសាទ បាក់បែកខូចខាតប្រាសាទ ធ្លុះធ្លាយជញ្ជាំងវត្ត ឆេះទីស្នាក់ការកងកម្លាំងប្រចាំប្រាសាទ ឆេះផ្សារខ្មែរនៅជើងភ្នំប្រាសាទគ្មានសល់ និងប្រជាពលរដ្ឋចាស់ក្មេងប្រុសស្រី ត្រូវបង្ខំចិត្តរត់ភាសសឹកតាមគ្រប់មធ្យោបាយទៅរកទីតាំងសុវត្ថិភាព។ មិនត្រឹមតែការបំពានលើដែនអធិបតេយ្យរបស់កម្ពុជាដែលការពារដោយសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ«ICJ» និងប្រាសាទព្រះវិហារដែលជាសមប្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ថៃបានពង្រីកទំនាស់ទៅប្រាសាទតាមាន់ ប្រាសាទតាក្របីថែមទៀត។

-ការប៉ះគ្នាដោយអាវុធបានកើតឡើងជាបន្តបន្ទាប់ រហូតដល់ចុងក្រោយក្នុងទ្រង់ទ្រាយធំ បានបណ្ដាលឱ្យប្រជាជនជម្លៀសចេញ។ ប៉ុន្តែ កម្ពុជាឈ្នះសមរភូមិនេះ។ មូលហេតុដែលកម្ពុជាឈ្នះសមរភូមិចុងក្រោយ ក៏ដោយសារយុទ្ធសាស្ត្រ សម្ដេច ហ៊ុន សែន ដែរ។ តាមខ្ញុំចាំ ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកជំនាញសឹកសង្គ្រាមឆ្លងកាត់១០៥សមរភូមិ របួស៥ដងនិងពិការភ្នែកម្ខាងសម្ដេចតេជោ ហ៊ុន សែន ប្រើយុទ្ធវិធី៤ចំណុច។
ទី១.ទ័ពថ្មើរជើងវាយទប់ទល់ការពារការរុលចូលនិងផ្លាស់ទីឱ្យលឿន។
ទី២.ប្រើធនស្រាលកុំប្រើធនធំវាយប្រហារតប។
ទី៣.ក្ដាប់គោលដៅនិងយុទ្ធដំណើរសត្រូវឱ្យបានច្បាស់។
ទី៤.វាយសន្ធប់ព្រមៗគ្នាសង្គ្រប់លើគោលដៅសត្រូវមិនដកដៃ។

-ខ្ញុំនៅចាំបានទៀតថា មេទ័ពៗរបស់ខ្មែរ ងឿងឆ្ងល់ ដោយខឹងសម្បារខ្លះផង ដែលថ្នាក់លើមិនចេញបញ្ជាឱ្យប្រើធនធំតបតទៅថៃវិញ ក្នុងខណៈ ដែលភាគីថៃបាញ់ស្រោចដូចគ្រាប់ភ្លៀងទាំងធនស្រាល និងធ្ងន់មកលើ។ ខ្ញុំចាំទៀតថា សម្ដេច ហ៊ុន សែន បានប្រាប់ទៅ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថា «ចាំតែលើកទូរស័ព្ទភាគីថៃទៅ»។

-ជាការពិត មួយសន្ទុះក្រោយមក សម្ដេច សួរបញ្ជាក់ថាតើ ក្ដាប់គោលដៅ និងយុទ្ធដំណើរសត្រូវបានអស់ហើយឬនៅ? ចម្លើយអះអាងដោយអន្ទះសារថា ក្ដាប់បានច្បាស់ និងគ្រប់ទីកន្លែងឈរជើងអស់ហើយ។ ពេលនោះ សម្ដេច ហ៊ុន សែន សម្រេចបញ្ជាឱ្យវាយសន្ធប់ព្រមៗគ្នាកុំដកដៃ ទាំងធនស្រាល ទាំងធនធ្ងន់ ទាំងថ្មើជើង សមរភូមិមុខ និងគាំទ្រ ពោលគឺ ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប។ មែន ប្រហែលជាក្នុងរង្វង់១៥នាទីតាមខ្ញុំចាំ ភាគីថៃ បានហៅទូរស័ព្ទសុំចរចារ។

-ជារួមតែម្ដង កម្ពុជាយកឈ្នះថៃក្នុងករណីនេះបាន ដោយ សម្ដេច ហ៊ុន សែន ប្រើយុទ្ធសាស្ត្រ៤យ៉ាងធំៗគឺ«ច៣ក១»៖
ទី១.ច្បាំង ការពារខ្លួន ការពារប្រជាជនតាមព្រំដែន ការពារការរំលោភអធិបតេយ្យពោលគឺ ការរំកិលចូលរុលមកមុខរបស់កងទ័ពថៃ ពិសេសវាយសង្គ្រប់ត្រឡប់ទៅវិញរហូតថៃស្រែកចាច។
ទី២.ចរចារ សម្របសម្រួលជាមួយភាគីថៃថ្នមសភាពការណ៍តាមព្រំដែន ឈានទៅកាត់បន្ថយកងទ័ពថៃជាបន្តបន្ទាប់និងដាក់ការឈរជើងកងទ័ពកម្ពុជា។
ទី៣.ច្បាប់ ដោយដាក់បណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បកស្រាយខ្លឹមសារសាលដីកាឆ្នាំ១៩៦២ ដែល សម្ដេចឳ សីហនុ តតាំងឈ្នះក្ដីលើថៃ។
ទី៤.ការទូត ទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសនានាក្នុងសមាគមអាស៊ាន និងពិភពលោកតាមនិយាមអន្តរជាតិ ដោយពន្យល់សាច់រឿង អង្គហេតុ អង្គច្បាប់ ស្វែងរកការគាំទ្រនិងជ្រោមជ្រែង។

-សរុបទៅ ប្រាសាទព្រះវិហារត្រូវបានពិភពលោកទទួលស្គាល់ថា ស្ថិតក្នុងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ ក្រោយតុលារការយុត្តិធម៌អន្ដរជាតិ Internaltional Court of Justice (ICJ) បានប្រកាសសាលដីកាជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់អង្គព្រះមហាក្សត្រគ្រងរាជសម្បត្តិ សម្ដេចតេជោ ដឹកនាំរាជរដ្ឋាភិបាល រៀបចំឯកសារយ៉ាងរឹងមាំគ្រប់ជ្រុងជ្រោយតាមច្បាប់តម្រូវ រហូរចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកបានយ៉ាងជោគជ័យ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ទោះថៃខំរារាំងគ្រប់មធ្យោបាយក៏ដោយចុះ។

-តែចុងក្រោយមេដឹកនាំថៃ និងក្រុមជ្រុលនិយមមួយចំនួនត្រូវក្អួតឈាម ខណៈប្រជាពលរដ្ឋទាំងនគរគ្រប់និន្នាការសាទរយ៉ាងក្រៃលែងបំផុត។ លទ្ធផលនេះ ជាភាពជោគជ័យ និងមោទកភាពសម្រាប់កូនខ្មែរគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ប៉ុន្តែមេដឹកនាំថៃមួយចំនួន និងក្រុមជ្រុលនិយមមួយក្ដាប់តូវ នៅតែចិញ្ចឹមចិត្តបំពានតុលាការយុត្តិធម៌អន្តរជាតិ បំពានសន្និសញ្ញាបារាំង-សៀម និងផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ទទួលស្គាល់ពេញពិភពលោក។

-កម្ពុជាទាំងមូលមិនចង់យកជាតិសាសន៍ណាមួយ ប្រទេសណាមួយ ជាសត្រូវនោះទេ ក៏ចង់បានមិត្ត និងពង្រីកមិត្តភាព ដូចសម្ដេចតេជោធិបតី លោកតែងតែថ្លែងថា កម្ពុជាចង់ឱ្យព្រំដែនជាព្រំដែនសន្តិភាព មិត្តិភាព និងការអភិវឌ្ឍ ដែលឈ្នះ-ឈ្នះទាំងអស់គ្នា។ ផ្ទុយទៅ បើគេចង់យកយើងជាសត្រូវ យើងមានតែបង្ខំចិត្តក្នុងតម្លៃណាក៏ដោយត្រូវការពារជាតិ និងប្រជាជន ឱ្យបានដាច់ខាតដោយដើរតាមគន្លងច្បាប់អន្តរជាតិ។ ក្រៅតែពីការការពារ ក្នុងកាលៈទេសៈណាមួយនោះ យើងក៏ត្រូវវាយបកវិញដែរ ស្របតាមទស្សនៈ«គំនិតបៀតបៀនគ្មាន តែគំនិតប្រុងប្រយ័ត្នត្រូវតែមាន»។ តែទោះយ៉ាងណាក៏ដោយ មេដឹកនាំថៃ យោធាថៃ ប្រជាជនថៃមួយចំនួនធំ ក៏មិនបានសង្គ្រាម ក៏មិនចង់រំលោភច្បាប់អន្តរជាតិ បំពានបូរណភាពទឹកដីអ្នកជិតខាងដែរ លើកលែងតែមួយក្រុមណានោះទេ ដែលមានមហិច្ឆតាពិសពុល បង្កើតសត្រូវជុំទិស នាំឱ្យថៃទាំងមូលជួបគ្រោះនៅពេលណាមួយជាមិនខាន។

...

ប្រាសាទព្រះវិហារកម្ពុជាលាតសន្ធឹងនៅលើខ្ពង់រាបនៃជួរភ្នំដងរែក ដែលមានរយៈកម្ពស់៦២៥ម៉ែត្រ ធៀបនឹងកម្ពស់ទឹកសមុទ្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទដ៏ចំណាស់មួយនេះ បានចាប់ផ្តើមកសាងក្នុង រជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស) និងបញ្ចប់ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០គ.ស) ដើម្បីឧទ្ទិសដល់អាទិទេព ព្រះឥសូរក្នុងសាសនាហិណ្ឌូក្នុងទម្រង់ជាទេពភ្នំសិខរេស្វរ និងភដ្រេស្វរ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួប ១៧ឆ្នាំ (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៥) ដែលមរតកវប្បធម៌ដ៏មានតម្លៃបំផុតក្នុងចំណោមមរតកវប្បធម៌ដ៏មានតម្លៃបំផុតរបស់កម្ពុជាជាច្រើនទៀត។ ប្រាសាទព្រះវិហារកម្ពុជា ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print