កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃចន្ទទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន អនុប្រធាន និងសមាជិកក្រុមត្រួតពិនិត្យយានយន្តចល័ត និងប្រធាន អនុប្រធានស្ថានីយជញ្ជីងអចល័តនៅទូទាំងប្រទេស។ ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការបានកោតសសើរដល់មន្រ្តីដែលបានខិតខំអនុវត្តការងារកន្លងមក និងជំរុញមន្រ្តីទាំងអស់ឱ្យខិតខំបន្តរឹតបន្តឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែប្រសើរឡើង។

 

តាមរបាយការណ៍នៃការអនុវត្តការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ មានរថយន្តត្រួតពិនិត្យសរុបចំនួន ១ ៦២៦ ៣៣៣ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៤០៤ ២០៦ គ្រឿង ស្មើនឹង ២៤,៨៥% ដែលក្នុងនោះ៖

– រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៤០៣ ៤២៥ គ្រឿង

– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ២៩០ គ្រឿង

– រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ៣៣៦ គ្រឿង

– រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១៥៥ គ្រឿង

ក្នុងកិច្ចប្រជុំក៏បានលើកឡើងពីទិសដៅការងារដែលត្រូវអនុវត្តក្នុងឆមាសបន្ទាប់ ដូចជាការបង្កើតទីតាំងស្ថានីយថ្មីៗនៅផ្លូវជាតិសំខាន់ៗដែលពុំទាន់មានស្ថានីយជញ្ជីងត្រួតពិនិត្យ  និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យានៅតាមស្ថានីយឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តមប្រធានបានណែនាំដល់មន្ត្រីតាមស្ថានីយនីមួយៗឱ្យអនុវត្តការងារឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងអនុវត្តទៅតាមប្រសាសន៍ណែនាំ និងការចង្អុលបង្ហាញរបស់ ឯកឧត្តម ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ សាមគ្គីភាព និងអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព៕ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print