ខេត្តកណ្ដាល÷ជនសង្ស័យ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១៤និង ៣០នាទី រសៀលថ្ងៃទី០៥ កក្កដា ២០២៥ ក្នុងករណីជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចក្នុងរោងមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ ទម្ងន់សរុប ១៦៧,៤០ក្រាម។
លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ជាប្ដីប្រពន្ធរួមមាន៖ ឈ្មោះ ភន ចន្នី ភេទប្រុសអាយុ៣២ឆ្នាំ វិជ្ជមានសារធាតុញៀន(+) និងឈ្មោះ រុំ ហ៊ីម អាយុ ២៥ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់ជាជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ និងមានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកអធិការបានបន្តថា វត្ថុតាងដែលដកហូតបានរួមមាន៖ សារធាតុញៀនមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ ទម្ងន់សរុប ១៦៧,៤០ក្រាម, ទូរសព្ទចំនួន ២គ្រឿង ម៉ាកសាមសុង, និងបញ្ជីរកត់ត្រាលក់គ្រឿងញៀនចំនួន ១ក្បាល។
លោកអធិការបានឲ្យដឹងទៀតថា នៅវេលាកើតហេតុ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានការជួញដូរគ្រឿងញៀនដោយខុសច្បាប់នៅចំណុចកើតហេតុខាងលើភ្លាម លោកក៏បានបញ្ជាកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក ដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្អាងភ្នំ ចុះទៅដល់ទីតាំងកន្លែងកើត ហេតុ។ ពេលទៅដល់ កម្លាំងបានឃើញជនសង្ស័យប្រុសស្រីទាំង ២នាក់អង្គុយនៅរោងមួយកន្លែង ក៏ធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញថ្នាំញៀនចំនួន ២កញ្ចប់ រួចក៏នាំខ្លួនជនសង្ស័យទាំង ២នាក់ មកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ។
លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចរកឃើញនេះ គឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទូរសព្ទទិញថ្នាំញៀនតាមរយៈលេខ ទូរសព្ទ 081 545767 ពីឈ្មោះ ហាន (ជាប់ក្នុងពន្ធនាគារព្រៃស) ក្នុងតម្លៃ ១.០០០ដុល្លារ (មួយពាន់ដុល្លារ)។ លោកអធិការបន្តថា ពួកគេបានវេរលុយទៅឲ្យមុន តាមរយៈ QR ឈ្មោះ THIA CHORM រួចទើបឈ្មោះ ហាន បានឲ្យប្អូនរបស់ខ្លួនឈ្មោះ ឆែប ដែលប្រើលេខទូរសព្ទ 015 709701 យកថ្នាំញៀនមកឲ្យខ្លួន។ ក្រោយមក ជនសង្ស័យក៏យកថ្នាំញៀននោះមកលក់ឲ្យឈ្មោះ សិត នៅម្តុំស្អាងភ្នំ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ កន្លងមក ខ្លួនធ្លាប់ទូរសព្ទទិញថ្នាំពីឈ្មោះ ហាន (ជាប់ក្នុងពន្ធនាគារព្រៃស) ចំនួន ៥ ទៅ ៦ដងរួចមកហើយ។
លោកអធិការក៏បានបញ្ជាក់ទៀតថា ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ និងលោកឧត្តមសេនីយ៍ត្រី គង់ ស៊ីដន ស្នងការរងនគរបាលខេត្តកណ្ដាលទទួលបន្ទុកប្រឆាំងគ្រឿង ញៀន ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រុមប្រឹក្សាឃុំ មេភូមិ បានអនុញ្ញាតឲ្យកម្លាំងផ្នែកជំនាញស្រុកស្អាង កម្លាំងប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍ស្វាយរលំ ធ្វើការឆែកឆេរលំនៅ ឋានជនសង្ស័យ ២នាក់ប្ដីប្រពន្ធ ដែលស្ថិតនៅក្នុងភូមិលេខ ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល តែសមត្ថកិច្ចរកពុំឃើញវត្ថុតាងអ្វីបន្ថែមទៀតឡើយ។
បច្ចុប្បន្ន ជនសង្ស័យប្ដីប្រពន្ធទាំង ២នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕