ខេត្តប៉ៃលិន ៖ គណៈកម្មការផ្សារ អ្នកលក់ អ្នកទិញ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានបង្ហាញពីការមិនភ័យព្រួយនឹងការតម្លើងថ្លៃទំនិញផ្សេងៗ ក្រោយមានការបិទច្រកទ្វារអន្តរជាតិព្រំ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនាំគ្នាងាកមកគាំទ្រកសិផល,ផលិតផលក្នុងស្រុក ហើយសុំឱ្យអាជ្ញាធរ ឈប់នាំចូលបន្លែផ្លែឈើពីក្រៅប្រទេស គឺដើម្បីជួយលើកតម្កើងតម្លៃកសិផលខ្មែរ និងជួយកាត់បន្ថយការចំណាកស្រុកទៅធ្វើការក្រៅស្រុក។
ជាទូទៅទិដ្ឋភាព ការលក់ដូរនៅផ្សារព្រំថ្មី ដែលជាផ្សារស្ថិតនៅជាប់ព្រំដែនថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន មានសភាពអ៊ូអរដូចធម្មតា សំបូរបងប្អូនប្រជាពលរដ្ឋចេញ-ចូលទិញទំនិញ ដោយមិនខ្វល់ពីការបិទច្រកទ្វារព្រំដែននោះឡើយ ដោយពួក គាត់ម្នាក់ៗគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល ហើយបន្លែផ្លែឈើ ក៏មិនបានយកពីទឹកដីថៃនោះដែរ ភាគ ច្រើនគឺជាបន្លែផ្លែឈើក្នុងស្រុក។
លោកមាស វុធ ប្រធានគណៈកម្មការផ្សារប៉ាហ៊ី បានឱ្យដឹងថា ផ្សាររបស់លោកលក់ដូរធម្មតា មិនមានការឡើង ថ្លៃអ្វីទេ គឺតម្លៃដូចមិនទាន់បិទច្រកអញ្ចឹង។ លោកបានបញ្ជាក់ថា ក្រោមការណែនាំពីអភិបាលខេត្ត និងលោកលី សុងហ៊ី អភិបាលក្រុងប៉ៃលិន ដើម្បីចុះណែនាំ និងពន្យល់ពីសភាពការផ្សេងៗ និងពីតម្លៃការលក់ដូរជូនបងប្អូនប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះលោកក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិនយើងនាំគ្នាដាំដុះបន្លែផ្លែឈើ ឱ្យបានច្រើនដើម្បីផ្គត់ផ្គង់នៅផ្សារ ព្រោះឥឡូវពលរដ្ឋយើងបានមកងាកការគាំទ្រខ្លាំងណាស់៕