រឿង ខ្សែជីវិតកងកុមារ(តចប់)

ចែករំលែក៖

រឿងរ៉ាវមិនទាន់ចប់នៅឡើយទេ។ជីវិតក្រោយពេលឪពុកស្លាប់គ្រួសាររបស់ខ្ញុំត្រូវជួបរឿងឥតឈប់ឈរ។ ម្ដាយរបស់ខ្ញុំមានអ្នកតាមស្រឡាញ់ដោយមិនយល់ដល់ខ្មោចឪពុកខ្ញុំ ដែលទើបនឹងស្លាប់ទាល់តែសោះ។ មិនតែប៉ុណ្ណោះអ្នកដែលស្រឡាញ់ម្តាយរបស់ខ្ញុំនោះ គឺជាមិត្តភក្កិឪពុករបស់ខ្ញុំទៅទៀត។ តើស្ត្រីមានកូនប្រាំបីនាក់ហើយ នៅមានអ្នកតាមស្រឡាញ់ទៀត យើងគិតមើលថាតើគាត់ស្អាតណាស់មែនទេ? ការពិតមិនមែនទេ ម្ដាយរបស់ខ្ញុំមិនស្អាតណាស់ណាទេ តែលោកពូគាត់ស្រឡាញ់ម្ដាយខ្ញុំតាំងពីនៅក្រមុំម៉្លេះ។ ចុះហេតុអ្វីបានជាគាត់ចិត្តស្មោះម៉្លេះ? ទីបំផុតម្តាយរបស់ខ្ញុំនៅតែបដិសេធពូនោះដដែល។ ម្ដាយរបស់ខ្ញុំស្មោះត្រង់ជាមួយឪពុករបស់ខ្ញុំណាស់ ទោះបីជាគាត់ស្លាប់ហើយក៏ដោយ។
ក្រោយក្រោយមក ចេះតែមានអ្នកច្រណែនហើយរួមគ្នាទម្លាក់កំហុសមកលើម្ដាយរបស់ខ្ញុំ។ គាត់ត្រូវបានចោទប្រកាន់ពីរបីដងដែរ ប៉ុន្តែគាត់ជាមនុស្សស្មោះត្រង់ និងល្អទើបទេវតាតាមថែរក្សាគាត់ឲ្យរួចផុតពីបញ្ហាចោទទាំងពួងនោះ។
ម្ដាយរបស់ខ្ញុំតែងតែណែនាំខ្ញុំធ្វើជាមនុស្សល្អ និងគិតអ្វីដែល្អៗ។ពេលនោះខ្ញុំនៅក្មេងងងឹតល្ងង់នៅឡើយ តែខ្ញុំបានសួរគាត់វិញថាម៉ែ ៗ តែងតែណែនាំខ្ញុំឲ្យធ្វើជាមនុស្សល្អ មិនគិតអាក្រក់ទៅទៅលើនរណា ចុះម៉េចមនុស្សល្អគេធ្វើបាបរហូតអ៊ីចឹង? រំពេចនោះម្ដាយរបស់ខ្ញុំបានឱបហើយអង្អែលក្បាលរបស់ខ្ញុំថ្នមៗ។
រឿងវេទនាចេះតែកើតឡើងមកលើសមាជិកគ្រួសាររបស់ខ្ញុំឥតឈប់ឈរទាល់តែសោះ អស់ពីរឿងមួយចូលដល់រឿងមួយផ្សេងទៀត។ ម៉ោងខ្ទង់ ៥ ល្ងាចចុងឆ្នាំ ១៩៧៨ បងស្រីទាំងពីរនាក់របស់ខ្ញុំចាប់ផ្ដើមញាក់យ៉ាងខ្លាំង ព្រោះត្រូវទឹកភ្លៀងពីរថ្ងៃជាប់គ្នា។ គាត់ក្តៅឡើងប្រកាច់ព្រោះគាត់គ្មានសម្លៀកបំពាក់សម្រាប់ផ្លាស់ប្ដូរទេ។ ហេតុនេះគាត់ទាំងពីរនាក់ត្រូវស្លាប់ទាំងវ័យក្មេង ព្រោះតែគ្មានអ្នកមើលថែនិងថ្នាំព្យាបាលបានត្រឹមត្រូវនិងទាន់ពេលវេលា។
ម្ដាយរបស់ខ្ញុំទើបតែបាត់បង់ប្ដីមិនទាន់បានប៉ុន្មានផង កូនទាំងពីរនាក់ក៏ស្លាប់ចោលទៀត។ គាត់ពិបាកចិត្តណាស់។ រីឯខ្ញុំក៏ឈឺគ្រុនដែរតែមិនធ្ងន់ធ្ងរទើបអាចរស់រៀនជីវិតបាន។ ម្ដាយរបស់ខ្ញុំចង់សម្លាប់ខ្លួន ប៉ុន្តែគាត់នឹកឃើញកូនៗ ដែលរស់នៅគ្មានទីពឹង។ ប៉ុន្មានខែក្រោយមក ម្ដាយរបស់ខ្ញុំត្រូវដកចេញពីកន្លែងចុងភៅហើយទៅធ្វើការងារដូចប្រជាជនឯទៀតដែរ។
នៅឆ្នាំបន្ទាប់ របបអាហារកាន់តែតិចទៅៗ ចំណែកឯការងារចេះតែកើនឡើង។ សម្លដែលចុងភៅស្លមានតែបន្លែព្រលឹត និង ធាងត្រាវតែប៉ុណ្ណោះ។ បន្លែទាំងនោះចុងភៅមិនបានបកសម្បកចេញឲ្យបានត្រឹមត្រូវ និងអនាម័យទេ គឺហាន់ស្លទាំងសំបកតែម្ដង។ ចំណែកម្ហូបវិញមានតែកូនទាប៉ុនៗកជើង ពីរឬបីសម្រាប់ស្លូមួយខ្ទះត្នោតមើលទៅទឹកឡើងខ្មៅ។ បើម្អមវិញ ចុងភៅដាក់ចូលទៅក្នុងសម្លទាំងឬស។ យើងហូបសម្លបែបនេះស្ទើរតែរាល់ថ្ងៃ។ មនុស្សម្នាក់ៗ គ្មានកម្លាំងដើម្បីធ្វើការឡើយ។ អ្នកខ្លះដូចជាម្ដាយរបស់ខ្ញុំជាដើម បានដាច់ចិត្តទៅលួចដំឡូងយកមកដុតចម្អែតក្រពះបានន្ថែម។ សំណាងដែរដែលម្ដាយរបស់ខ្ញុំប៉ះចំថ្នាក់លើដែលមានចិត្តធម៌។ គាត់មិនដាច់ចិត្តចាប់ម្ដាយរបស់ខ្ញុំនៅពេលឃើញគាត់លួចអាហារទាំងនោះ។ ថ្នាក់លើរបស់គាត់តែងតែប្រាប់គាត់ថា ហូបៗ ចុះតែកុំឲ្យគេមកទាន់ប្រយ័ត្នមានរឿងទាំងអស់គ្នា។
បងធំរបស់ខ្ញុំរស់នៅភូមិមួភាគយភាគខុសពីម្ដាយ និងបងប្អូនអាចទៀត។ ថ្នាក់លើរបស់គាត់តឹងតែងខ្លាំងណាស់ចំពោះរបបអាហារ។ ថ្នាក់លើរបស់គាត់ហាមដាច់ខាត ហើយឲ្យតែឃើញប្រជាជនលួចថ្នាក់ លើនឹងសម្លាប់ចោលហើយ។ ថ្ងៃមួយពេលបងធំរបស់ខ្ញុំមកលេងផ្ទះគាត់បានសួរយើងថា មានដំឡូងហូបទេ? ខ្ញុំមើលទៅគាត់ប្រហែលជាឃ្លានខ្លាំងណាស់ សូម្បីដៃកាន់ដំឡូងលែងចង់ជាប់ដែរ ហើយមើលទៅរាងកាយស្គមស្គាំងស្ទើរមើលលែងស្គាល់ថាជាបងរបស់ខ្ញុំទៅហើយ។ ល្ងាចបន្តិចទៅហើយ ខ្ញុំឆ្ងល់ម៉េចបងរបស់ខ្ញុំមិនទាន់ទៅកន្លែងគាត់វិញអ៊ីចឹង។ ខ្ញុំក៏សួរគាត់ថា បងអត់ទៅកន្លែងវិញទេអី ? បងរបស់ខ្ញុំបានលើកដៃបិទមាត់របស់ខ្ញុំ ហើយនិយាយថា កុំមាត់បងមកនេះប្រធានបងមិនឲ្យមកទេ។ បងលួចរត់មកតើ។ អូនកុំប្រាប់គេថាបងនៅទីនេះណា។ ឮដូច្នោះខ្ញុំងក់ក្បាល។
មួយសន្ទុះក្រោយមក ខ្ញុំបានលាបងប្រុសខ្ញុំទៅកន្លែងម៉ែវិញ។ ខ្ញុំធ្វើដំណើរមិនទាន់បានឆ្ងាយប៉ុន្មានផង ក៏ឮសំឡេងឆោឡោថា ចាប់វាឲ្យជាប់ ហើយឮសំឡេងស្រែកថាអូ៊យៗ។ ខ្ញុំគិតថា អង្គការចាប់បងរបស់ខ្ញុំហើយ។ ខ្ញុំបានរត់មកកន្លែងដែលទើបនឹងជួបគាត់ តែមិនបានឃើញគាត់ឡើយ។ ខ្ញុំអស់សង្ឃឹមក៏អង្គុយចុះហើយខ្ញុំយំតែម្នាក់ឯង។ ចាប់តាំងពីពេលនោះមកខ្ញុំមិនបានទទួលដំណឹងអ្វីពីគាត់ទាល់តែសោះ ហើយយើងទាំងអស់គ្នាគិតថាគាត់ស្លាប់បាត់ទៅហើយ។
ក្រោយពីបានឆ្លងកាត់រឿងរ៉ាវដ៏កម្សត់ជាច្រើន គ្រួសាររបស់ខ្ញុំបានមករស់នៅជួបជុំគ្នាវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ប៉ុន្តែសមាជិកគ្រួសាររបស់ខ្ញុំបានស្លាប់អស់បួននាក់ទៅហើយ។ ពេលដែលបែកខ្មែរក្រហមថ្មីៗ។ យើងត្រូវរស់នៅលំបាកបន្តទៀតដោយសារខ្វះខាតស្រូវអង្គរ។ ពួកយើងត្រូវហូបបាយដែលដាំលាយដំឡូង និងក្តួចសឹងតែគ្រប់ពេលវេលា។ ជួនកាលគ្មានសូម្បីដំឡុងហ្នឹងហូបផង។ យើងត្រូវដាំបាយលាយគល់ល្ហុង ឬក៏គល់ចេកដោយដាក់អង្ករតិចតួច។

បច្ចុប្បន្ននេះ ខ្ញុំមានគ្រួសារហើយប្អូនៗ និងបងៗរបស់ខ្ញុំដែលនៅរស់ សុទ្ធតែមានក្រុមគ្រួសារដូចគ្នា។ ចំណែកម្ដាយរបស់ខ្ញុំបានស្លាប់ទៅហើយដោយសារជំងឺរ៉ាំរ៉ៃដែលបង្កមកពីការទទួលរងទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្តក្នុងរបបខ្មែរក្រហម។ ម្ដាយរបស់ខ្ញុំស្លាប់ បន្ទាប់ពីជួបជុំគ្រួសារបានបីឆ្នាំ។ រៀងរាល់ថ្ងៃ ខ្ញុំនៅតែនឹកដល់ឪពុកម្ដាយ និងបងៗរបស់ខ្ញុំដែលបានស្លាប់ទៅជានិច្ចុ៕(ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print