ខេត្តកំពង់ស្ពឺ : ពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែកក្កដា ប្រមុខរាជរដ្ឋាភិបាល គូសបញ្ជាក់ថា៖«ខ្ញុំអាចរៀនចប់បណ្ឌិតនៅក្រៅប្រទេស ក៏ដោយសារគុណអ្នកគ្រូខ្ញុំថ្នាក់ទី១ដែរ។ គាត់បង្រៀនខ្ញុំសរសេរអក្សរ«ក» រហូតដល់«អ»។ គាត់បង្រៀនខ្ញុំសរសេរលេខ«១» រហូតដល់«១០» បានអាចខ្ញុំសរសេរលេខពាន់ លាន បាន។ គាត់បង្រៀនខ្ញុំសរសេរ «ក» ដល់«អ» សរសេរស្រះ«អ» ដល់ស្រះ«អៅ» បានខ្ញុំអាចសរសេរតែសេចក្តី សរសេរអីបាន ជាមូលដ្ឋានរៀនដល់ភាសា(ផ្សេង)។ កុំគិតថារៀនការរៀនមួយថ្នាក់ៗ អត់គុណនោះ សំខាន់ណាស់នៅមូលដ្ឋាន។
គ្រូគ្រប់ថ្នាក់ គ្រប់ជំនាន់ទាំងអស់ សុទ្ធតែជាអ្នកមានគុណ របស់យើងទាំងអស់គ្នា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំឭកគុណូបការៈគ្រូដូច្នេះ ដោយបញ្ជាក់ថា ខ្លួនអាចរៀនចប់ថ្នាក់បណ្ឌិត ក៏អាស្រ័យគុណរបស់គ្រូថ្នាក់ទី១ ដែលបានបង្រៀនសរសេរអក្សរ«ក» ដល់«អ» និងបង្រៀនសរសេរលេខ«១» រហូតដល់«១០»ដែរ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីលើកឡើងថា ៖«ដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គម» រៀនថ្ងៃនេះសិស្សនឹងបង្ហាញលទ្ធផលដល់សង្គមនៅពេលមួយទសវត្សរ៍ក្រោយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឥរិយាបថ សមត្ថភាព ចំណេះដឹង គឺជាអ្វីដែលសិស្សត្រូវទទួលបានពីគុណភាពអប់រំនៅតាមសាលារៀន ហើយសិស្សអាចយកលទ្ធផលទាំងនេះទៅអនុវត្តនៅក្នុងសង្គម។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តឱ្យគ្រូបន្ទុកថ្នាក់ និងឪពុកម្ដាយបង្កើតក្រុម (Group) តេឡេក្រាមជាមួយគ្នា ដើម្បីតាមដានការសិក្សា និងវត្តមានរបស់កូនរបស់ខ្លួន ជាពិសេសលទ្ធផលការសិក្សារបស់ពួកគេ៕
ដោយ : សិលា