មកទល់ពេលនេះ​! ភាគី​ថៃមិនទាន់ឆ្លើយតប ក្នុងការដឹកជញ្ជូនវត្ថុបុរាណ​ចំនួន២០ដុំ បន្ទាប់ពី​កម្ពុជាប្រកាសចំណាយទាំងអស់ លើការដឹកជញ្ជូនត្រលប់មកកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយ​ភាគីកម្ពុជា បានប្រកាសរ៉ាប់រងថ្លៃចំណាយលើការដឹកវត្ថុបុរាណ បន្ទាប់ពីក្រសួងវប្បធម៌ថៃ ប្រកាសថា ខ្លួនសុំពន្យារពេលសិនលើការប្រគល់វត្ថុបុរាណចំនួន២០ដុំ ដោយលើកឡើងពីបញ្ហាខ្វះថវិកានិងភាពតានតឹងនៅព្រំដែនជាមួយកម្ពុជា​ គិត​ត្រឹម​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ ភាគីថៃមិនទាន់ឆ្លើយតបអ្វីឡើយ។

គួររម្លឹកថា​ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ រដ្ឋមន្ត្រីវប្បធម៌ថ្មីរបស់ថៃ​ កាលពីថ្ងៃសុក្រទី៤​ ខែកក្កដា​ ឆ្នាំ២០២៥ថ្មីៗនេះ​​ បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា៖​ ការប្រគល់វត្ថុបុរាណចំនួន២៣ដុំមកឲ្យកម្ពុជាគឺធ្វើរួចហើយកាលពីឆ្នាំ២០១៥ ប៉ុន្តែវត្ថុបុរាណដែលនៅសេសសល់ចំនួន២០ដុំទៀត ត្រូវផ្អាកប្រគល់សិន។

លោកស្រីលើកឡើងថា «នេះមិនត្រូវបានចាត់ទុកថាជារឿងបន្ទាន់ទេ ហើយក៏មិនអាចផ្តល់មូលនិធិដោយថវិកាកណ្តាលបានដែរ។ សំណើ​នេះ​អាចដាក់ជាថ្មី​សម្រាប់​ការ​កំណត់​ថវិកា​ថ្នាក់​ក្រសួងនិង​គណៈរដ្ឋមន្ត្រី ហើយដោយ​មើល​ឃើញ​ស្ថានការណ៍​បច្ចុប្បន្ន​រវាង​​ថៃនិង​កម្ពុជា ក្រសួង​វប្បធម៌សូម​ផ្តល់​អនុសាសន៍​ឲ្យ​ពិនិត្យ​បន្ថែម​ទៀត»។

ឆ្លើយតបរឿងនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា បានសរសេរលិខិតជូនលោកស្រី ផែថងថាន ដោយផ្ទាល់ ដោយជម្រាបថា ភាគីកម្ពុជាជាអ្នកចំណាយទាំងអស់លើការដឹកជញ្ជូនវត្ថុបុរាណ។

ទោះបែបនេះក្តី មកដល់ថ្ងៃនេះហើយ លោកស្រី ផែថងថាន មិនទាន់ឆ្លើយតបឬនិយាយអ្វីនោះទេ ជុំវិញការប្រគល់វត្ថុបុរាណដែលនៅសេសសល់មកឲ្យកម្ពុជាវិញ។

គួររម្លឹកផងដែរថា វត្ថុបុរាណចំនួន២០នេះ គឺជាផ្នែកមួយនៃវត្ថុបុរាណសរុប៤៣ដុំ ដែលរត់ពន្ធចេញពីកម្ពុជាដោយខុសច្បាប់ ហើយត្រូវអាជ្ញាធរថៃរឹបអូសបាន។ ក្រោយផ្ទៀងផ្ទាត់ប្រភពដើម នាយកដ្ឋានវិចិត្រសិល្បៈថៃ បានប្រគល់វត្ថុបុរាណចំនួន២៣ដុំមកវិញរួចហើយកាលពីឆ្នាំ២០០៨និង២០១៥។

បន្ទាប់មកទៀត នៅថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០២៤កន្លងទៅ​ គណៈរដ្ឋមន្ត្រីថៃ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានអនុម័តជាគោលការណ៍ នូវសំណើរបស់ក្រសួងវប្បធម៌ ដើម្បីប្រគល់វត្ថុបុរាណចំនួន២០ដុំដែលនៅសល់នេះ។ សេចក្តីសម្រេចគឺផ្អែកលើការវាយតម្លៃដោយនាយកដ្ឋានវិចិត្រសិល្បៈ និងអ្នកជំនាញឯករាជ្យដែលបានបញ្ជាក់ថា វត្ថុទាំងនោះគឺពិតជាមានប្រភពដើមពីកម្ពុជាមែន។

តាមការគ្រោងទុក ពិធីប្រគល់-ទទួលវត្ថុបុរាណជាផ្លូវការនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៥នេះក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយវត្ថុបុរាណនឹងមកដល់កម្ពុជានៅខែសីហា៕​ដោយ​៖តារា​

រូបភាព​៖​ វត្ថុបុរាណរបស់កម្ពុជានៅថៃ (រូបថត៖ PBS)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print