ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងនគរបាលជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ៣២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៧១គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៦៨គ្រឿង និងម៉ូតូ ២៩៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣២៩គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច១១៧គ្រឿង និងម៉ូតូ ២០៩គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-០៨ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៧៧៤គ្រឿង, រថយន្តធំ ២៤គ្រឿង, រថយន្តតូច ១,០៥៩គ្រឿង, ម៉ូតូ ១,៦៩១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,០៥២គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៧១៨គ្រឿង និងម៉ូតូ ១,៣១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា