ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងដែលទុកនៅមុខបន្ទប់ជួលបានសម្រេចតែត្រូវបាន
ម្ចាស់ម៉ូតូស្វែងរកឃេីញទាន់ជិះប្រដេញឃាត់ខ្លួនបាន ម្នាក់គេចខ្លួនរួចម្នាក់។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ២ និង ៣៥នាទីអាធ្រាត្រថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅមុខផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូឈ្មោះ ឈិត វិធូ ភេទប្រុស អាយុ ២០ឆ្នាំ ជាអ្នកដឹកជញ្ជូនអីវ៉ា មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងកំពុងស្នាក់នៅតំបន់កើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ រស់ មករា អាយុ ១៨ឆ្នាំ មុខរបរ មិនប្រាកដ មានទីលំនៅនៅភូមិដំណាក់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ម្ចាស់ម៉ូតូឲ្យដឹងថា មុនកើតហេតុគេបានជិះម៉ូតូម៉ាក Honda Scoopy ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1LE-3859 ត្រឡប់ពីកន្លែងធ្វើការមកដល់ផ្ទះជួល ហើយទុកម៉ូតូខាងមុខបន្ទប់ជួលសិន ចូលទៅក្នុងបន្ទប់ទឹក។ ប៉ុន្តែមកដល់ពេលក្រោយបានឮសម្លេងអូសម៉ូតូ បណ្ដាលឲ្យមានការសង្ស័យ ចេញមើលស្រាប់តែម៉ូតូបានបាត់ទៅ។
ជនរងគ្រោះបានទាក់ទងមិត្តរួមការងារម្នាក់ឲ្យជួយដេញ តាមស្រាប់បានប្រទះឃើញជនសង្ស័យ ២នាក់កំពុងជិះម៉ូតូរបស់ខ្លួននៅជិតផ្លូវ ២០១១ ក្បែរផ្លូវរថភ្លើង។ ពួកគេបានជិះដេញ ធាក់ម៉ូតូឲ្យផ្ដួល និងអាចឃាត់ជនសង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូរបស់ជនរងគ្រោះក៏បានប្រគល់ត្រឡប់ឲ្យម្ចាស់វិញ៕ ដោយ ៖សុខាសែជ័យ