ចំពេលមានក្តីបារម្ភអំពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិដូចឆ្នាំ ២០០៤ ប្រទេសថៃបានស្នើឱ្យខេត្តជាប់មាត់សមុទ្រចំនួន៦បង្កើនការត្រៀមខ្លួនរបស់ពួកគេ។
សំណើនេះត្រូវបានធ្វើឡើងចំពោះខេត្តជាប់មាត់សមុទ្រចំនួន៦នៃសមុទ្រ Andaman រួមមាន Phuket, Krabi, Phang Nga, Trang, Ranong និង Satun – ក្នុងបរិបទនៃការរញ្ជួយដីជាប់ៗគ្នាជាច្រើនដែលបានកត់ត្រានៅក្នុងមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក – ដែលជាកន្លែងដែលរលកយក្សស៊ូណាមិបានកើតឡើងនៅឆ្នាំ2004 ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោកស្រី Theerarat Samrejvanich បានសង្កត់ធ្ងន់ថា “គ្មានភាពយឺតយ៉ាវក្នុងផែនការឆ្លើយតបគ្រោះមហន្តរាយគឺអាចទទួលយកបាន”។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) នាយកដ្ឋានធនធានរ៉ែ និងនាយកដ្ឋានឧតុនិយមថៃ នៅទីក្រុងបាងកក កាលពីថ្ងៃទី 7 ខែកក្កដា ដើម្បីពិភាក្សាអំពីការត្រៀមលក្ខណៈរញ្ជួយដី និងរលកយក្សស៊ូណាមិសម្រាប់ឆ្នេរ Andaman ។
គ្រោះមហន្តរាយរលកយក្សស៊ូណាមិឆ្នាំ 2004 បានឆក់យកជីវិតមនុស្សជិត 228.000 នាក់នៅក្នុងប្រទេសចំនួន 11 ពីទ្វីបអាស៊ីដល់ទ្វីបអាហ្រ្វិក រួមទាំងប្រទេសថៃជាង 5.000 នាក់ ដែលធ្វើអោយពិភពលោកភ្ញាក់ផ្អើល។
ទោះបីជាការរញ្ជួយដីនាពេលថ្មីៗនេះមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ដូចគ្នាក៏ដោយ ក៏បន្ទរពីអតីតកាលនៅតែជាការព្រមានយ៉ាងច្បាស់សម្រាប់ខេត្តជាប់មាត់សមុទ្រដូចជា Phuket, Krabi, Phang Nga, Trang, Ranong និង Satun ដែលជាកន្លែងស្ថិតក្នុង “តំបន់ក្រហម” ប្រសិនបើគ្រោះធម្មជាតិកើតឡើងម្តងទៀត។
មូលដ្ឋានទាំងនេះត្រូវបានបញ្ជាឱ្យបែងចែកថវិកាបន្ថែមទៀត ពង្រឹងធនធានមនុស្ស និងឧបករណ៍សង្គ្រោះ។ ប្រព័ន្ធព្រមានរញ្ជួយដី-ស៊ូណាមិត្រូវតែដំណើរការ 24/7 ដោយមិនអនុញ្ញាតឱ្យខ្វះឧបករណ៍ក្លាយជាលេសក្នុងអំឡុងពេលគ្រោះមហន្តរាយ។ ជាពិសេស ផ្លូវជម្លៀសនិងផ្លាកសញ្ញាទៅកាន់ទីជម្រក នឹងត្រូវបានធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យជាប្រចាំ។
អ្នកស្រី ធារ៉ារ៉ាត់ បានសង្កត់ធ្ងន់ថា “ការហ្វឹកហ្វឺនបង្ការ និងជម្លៀសត្រូវតែធ្វើឡើងជាប្រចាំ។ នៅពេលមានគ្រោះធម្មជាតិកើតឡើង ប្រជាពលរដ្ឋមិនត្រូវភ័យស្លន់ស្លោឡើយ ប៉ុន្តែត្រូវដឹងច្បាស់ពីអ្វីដែលត្រូវធ្វើ និងកន្លែងដែលត្រូវទៅ”។
លោក Sumet Saithong អនុប្រធាននាយកដ្ឋានធនធានរ៉ែ បាននិយាយថា ទោះបីជាការរញ្ជួយដីនាពេលថ្មីៗនេះ មានកម្រិតស្រាល និងមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីបង្កជារលកយក្សស៊ូណាមិក៏ដោយ ប៉ុន្តែពួកគេនៅតែជាសញ្ញាព្រមានជាមុន៕ ដោយធីរីណា