ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដដឹកទឹកកក់ក្នុងស្ថានភាពងងុយដេកងោកមួយភ្លាំងរេចង្កូតទៅបុករថយន្ដតូយូតា ព្រុសចតនៅស្ងៀមក្បែរចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងរុញទៅបុកបង្គោលភ្លើងរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលការពីវេលាម៉ោង ០៧ និង៥០នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៣៣៦ ត្រង់ចំណុចមុខកន្លែងហាត់ប្រាណ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុខពេលកើតហេតុមានបុរសម្នាក់បើករថយន្ដម៉ាកតូយូតា ព្រុស ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2CE- 4910 បានឈប់មកចតកន្លែងហាត់ប្រាណដើម្បីចូលហាត់ ខណះនោះស្រាប់តែមានរថយន្ដម៉ាកកូរ៉េដឹកទឹកកក់មួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2G- 4270 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣៣៦ ទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុក៏ងោកមួយភាំងរេចង្កូតទៅស្ដាំបុករថយន្ដព្រុសដែលចតនៅស្ងៀមក្បែរចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹងបណ្ដាលខូចខាតផ្នែកពីខាងក្រោយយ៉ាងធ្ងន់ធ្ងរ រួចក៏រុញទៅបុកបង្គោលភ្លើងបន្ថែមទៀតរងការខូចខាតផ្នែកពីមុខ ចំណែករថយន្ដកូរ៉េរងការខូចខាតចំហៀងពីមុខ។ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើគ្មានអ្នករងរបួសទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះដល់ចំណុចកើតហេតុបានធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វើការវាសវែងយករថយន្ដទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ