ក្រោយចរចាពន្ធមិនបានលទ្ធផលល្អ ជាមួយអាមេរិក ! ក្រុមរដ្ឋមន្រ្តីថៃប្រឈមការទាមទារឱ្យលាលែងពីតំណែង ខណៈរដ្ឋាភិបាលរងការរិះគន់ថាអសមត្ថភាព

ចែករំលែក៖

ទីក្រុងបាងកក ៖ បើយោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលថៃ កំពុងប្រឈមមុខជាមួយការរិះគន់បន្ថែមទៀត រួមទាំងការអំពាវនាវឱ្យក្រុមរដ្ឋមន្រ្តីរបស់ខ្លួនលាលែងពីតំណែង បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសកំណត់ពន្ធគយបដិការ ក្នុងអត្រា៣៦ភាគរយដដែល ដោយគ្មានការបន្ថយចុះសូម្បីតែបន្តិច មកលើទំនិញនាំចូលពីប្រទេសអាស៊ានមួយនេះ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែសីហា។

សារព័ត៌មានថៃ The Nation បានបញ្ជាក់ថា ៖ លោក Julapong Yakate តំណាងរាស្រ្តមកពីគណបក្សប្រឆាំង People’s Party ដែលជាអនុប្រធាននៃគណៈកម្មាធិការពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាថៃ បានរិះគន់ថា អត្រាពន្ធខាងលើ គឺជាភស្តុតាងនៃការដើរគោលនយោបាយខុស និង អសមត្ថភាពទាំងស្រុងរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនិងការបរទេស។

លោក Julapong បានលើកឡើងបន្តថា ថ្មីៗនេះរដ្ឋាភិបាលបានផ្លាស់ប្តូររដ្ឋមន្រ្តីពាណិជ្ជកម្ម ដូច្នេះនាំឱ្យអតីតរដ្ឋមន្រ្តីរូបនោះ រួចផុតពីការស្តីបន្ទោស ក៏ប៉ុន្តែរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីការបរទេស បានកាន់តួនាទីតាំងពីដើមដំបូងមក ហេតុនេះហើយលោកអំពាវនាវឱ្យ រដ្ឋមន្រ្តីទាំងពីររូបនោះហ៊ានទទួលខុសត្រូវ តាមរយៈការលាលែងពីមុខតំណែងរបស់ខ្លួន ដើម្បីបង្ហាញឱ្យឃើញថា នៅពេលអ្នកនយោបាយអនុវត្តគោលនយោបាយខុស ដែលជះផលអាក្រក់ចំពោះប្រទេសជាតិ ពួកគេគួរតែលាលែងពីតួនាទីដោយខ្លួនឯង មិនចាំបាច់ត្រូវគេដកតំណែងចេញនោះឡើយ។

សារព័ត៌មានថៃ The Nation គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជូនលិខិតទៅប្រទេសចំនួន១៤ ដើម្បីជូនដំណឹងអំពី អត្រាពន្ធគយបដិការត្រូវបានកំណត់ សម្រាប់ប្រទេសទាំងនោះ ដែលនឹងចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី១ ខែសីហា។ ថៃស្ថិតក្នុងចំណោមប្រទេសទាំង១៤ និងត្រូវបានអាមេរិកកំណត់អត្រាពន្ធ ៣៦ភាគរយ ពោលគឺដូចទៅនឹងកាលពីពេល លោក ត្រាំ បានប្រកាសដំបូងកាលពីខែមេសា ទោះបានព្យាយាមចរចាជាមួយទីក្រុងវ៉ាស៉ីនតោនក៏ដោយ ចំណុចនេះហើយដែលចាត់ទុកថា អសមត្ថភាពធ្វើការជាមួយអាមេរិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print