ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៥នេះ ដើម្បីអបអរសាទររុក្ខទិវាតំណាងក្រុមហ៊ុនលីន វត្តី ឯ.ក មានបុគ្គលិក និងសហការី បាននាំគ្នាចូលរួមដាំដើមក្ងោកជាងបីរយដើមស្ថិតនៅភូមិប្រឡាយខ្លុង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ប៉ុន្តែដើម្បីអបអរសាទរ រុក្ខទិវាជាតិ / ទិវាដាំដើមឈើ ៩កក្កដាឆ្នាំ២០២៤ កន្លងទៅតំណាងក្រុមហ៊ុន លីន វតី បានដឹកនាំបុគ្គលិក សហការី កម្មករ ដាំដើមឈើចម្រុះជាច្រើនប្រភេទ ក្នុងនោះដើមក្ងោកចំនួន ៣៥០០ដើម ដែលងាយឆាប់ដុះ ចេញផ្កាបានល្អ ជាសោភ័ណភាព លម្អតាមផ្លូវសាធារណៈ ពីផ្លូវជាតិចូលទៅក្រុមហ៊ុន ដើម្បីបម្រើឱ្យផលប្រយោជន៍សាធារណៈ និងដាំតាមផ្លូវព័ទ្ធជុំវិញបរិវេណក្រុមហ៊ុន ដែលស្ថិតនៅភូមិប្រឡាយខ្លុង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នោះផងដែរ ។
តំណាងក្រុមហ៊ុន លីន វតី បានលើកឡើងថា ៖ ដើមឈើបានបំពេញនូវតំរូវការដ៏ចាំបាច់របស់មនុស្សគឺ អាហារ និងអុកស៊ីសែន។ លើសពីនេះ ដើមឈើមានសារៈសំខាន់ជាច្រើនដូចជា ផ្ទុកនូវឧស្ម័នកាបូនិច ការពារដីមិនអោយបាក់ស្រុត និងផ្តល់ជាជម្រក និងអាហារសម្រាប់សត្វនៅលើផែនដី។ ដូច្នេះសូមចូលរួមដាំដើមឈើ និងការពារព្រៃឈើទាំងអស់គ្នាដើម្បីភពផែនដី។
តំណាង ក្រុមហ៊ុនលីន វតី ឯ.ក បានបញ្ជាក់ថា ៖ «ពិធីរុក្ខទិវា» ជាចលនាបំផុស ដាំដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ ឧត្តុងឧត្តម របស់ប្រជាជាតិយើង។ ចលនានេះមានតាំងពី សម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជបូជនីយកិច្ច ផ្តួចផ្តើមនិងដឹកនាំរបស់ ព្រះករុណា ព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិ ខ្មែរព្រះបរមរតនកោដ្ឋ តាំងពីទសវត្ស៣០មក ដោយមានការ ចូលរួមយ៉ាងផុសផុល ពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្លាយទៅជាសកម្មភាពទូលំទូលាយក្នុងចលនាទិវាពលកម្ម ដាំដើមឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ ជាពិធីប្រពៃណីជាតិមួយ ហៅថា ពិធីរុក្ខទិវា ដែលកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ នស.រកត ចុះថ្ងៃទី៨ ខែ សីហា ឆ្នាំ ១៩៥២។ ជាមួយគ្នានេះផងដែរ តំណាងក្រុមហ៊ុន ក៏បានជំរុញឱ្យមានការចូលរួមដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា គ្រប់ប្រភេទ និងគ្រប់ទីកន្លែងឱ្យបានច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។វយើងត្រូវចូលរួមជួយទប់ស្កាត់ បញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ ដើម្បីថែរក្សា ការពារព្រៃឈើទុកសម្រាប់កូនចៅរបស់យើងនៅគ្រប់ជំនាន់ជាបន្តទៀត ។ ម្យ៉ាងវិញទៀតតំណាងក្រុមហ៊ុន ក៏មានគោលបំណង សហការជាមួយខាងមន្ត្រី ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន រៀបចំឱ្យមានថ្នាលបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់ដាំដុះ និងចែកជូន ដល់អង្គភាពផ្សេងៗ តាមវត្តអារាម សាលារៀន ដ៏ដូចជាប្រជាពលរដ្ឋ ។
តំណាងក្រុមហ៊ុន លីន វតី បានបញ្ជាក់ថា ៖ តើដើមឈើបង្រៀនយើងអ្វីខ្លះអំពីជីវិត? ចាស់ៗខ្មែរបានអប់រំទូន្មានក្មេងៗជំនាន់ក្រោយថា៖
-ដើមឈើ គឺជាជម្រកយ៉ាងត្រជាក់ត្រជំ សម្រាប់មនុស្ស និងសត្វ ដូចជាដើមឈើ នៅតាមព្រៃភ្នំ ជាជម្រករបស់សត្វព្រៃ ទាំងឡាយជ្រកអាស្រ័យ ។ ចំណែករុក្ខជាតិ ដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុក ទាំងឡាយ និងជាជម្រករបស់មនុស្សផង ។ ឯដើមឈើណាដុះ នៅតាមដងផ្លូវគឺជាទីពឹង របស់អ្នកដំណើរចូលទៅជ្រក សម្រាកកាយ បរិភោគ អាហារ ដោយក្តីរីករាយ នៅ ក្រោមម្លប់ឈើនោះ។ ដោយឡែក ដើមឈើ ណាដែលព្រះសង្ឃ ឬពុទ្ធបរិស័ទបានដាំ នៅក្នុងទីអារាម គឺជាដើមឈើដែលមាន ប្រយោជន៍សម្រាប់ព្រះសង្ឃផង ពុទ្ធបរិស័ទ ទាំង៨ទិសផង ចូលមកជ្រកក្រោមម្លប់ឈើ ដ៏ត្រជាក់រីករាយ នឹងការបំពេញបុណ្យ កុសលផ្សេងៗ។ ឈើខ្លះមានផ្កា មានផ្លែ និង ស្លឹកជាអាហារ របស់មនុស្ស សត្វ ទាំងឡាយ ដូចជាដើមដូង ដើមត្នោត ដើម មៀន ដើមស្វាយ ដើមអង្គាដី ម្រុមជាដើម រុក្ខជាតិទាំងនេះ មានប្រយោជន៍ណាស់ សម្រាប់មនុស្ស សត្វទាំងឡាយ និងជា អាហារយ៉ាងពិសេសផង។ បើបុគ្គលណា បានដាំដើមឈើ ទោះជានៅទីណាក្តី រមែង បានប្រយោជន៏ ដល់មនុស្ស សត្វទូទៅ និង បានជាទីរាប់អាននៃអ្នកផងទាំងពួង តែង និយាយថា អ្នកដាំដើមឈើនេះ គឺជា អ្នកមានមេត្តា មានករុណា និងមានបញ្ញា វាងវៃ ទើបបានថែរក្សាដើមឈើទាំងនេះ ទុក ឲ្យជាប្រយោជន៍ដល់មនុស្ស សត្វទូទៅ ។ អ្នកដាំដើមឈើ ជាទានទៅក្នុងបរលោក រមែង បាននូវសម្បត្តិមនុស្ស និងសម្បត្តិទេវតា និងរួចផុតចាកទុក្ខទាំងពួង។ បុគ្គលយល់ ពីអត្ថប្រយោជន៍ នៃដើមឈើហើយគប្បី នាំ គ្នាដាំដើមឈើ និងជួយថែរក្សាព្រៃឈើ ឲ្យ បានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ យើងទាំងអស់គ្នា ព្រោះដាំដើមឈើ មួយ ដើម ដូចបានធ្វើផ្ទះមួយខ្នង ឲ្យទៅជាទាន អ៊ីចឹងដែរ ។
ថ្ងៃនេះ! ពីខេត្តកំពង់ចាម ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ៖ «ដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង» ! ព្រះអង្គ ! ពិធីរុក្ខទិវាជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិដ៏មួយសំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្ស ធម្មជាតិស្របតាមគោលនយោបាយជាតិក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទ រក្សាទឹក និងជីវចម្រុះទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់ និងជាការសន្សំបុណ្យកុសល្យដ៏ធំធេងសម្រាប់មនុស្សជាតិគ្រប់រូបផងដែរ ៕
ដោយ ៖ ស សម