ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី «អបអរសាទរគម្រប់ខួប៣០ឆ្នាំ នៃក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា-SCA» ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Nicolas Notebaert អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA, លោក លោកស្រី សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា, លោកឯកអគ្គរាជទូត ម៉ាឡេស៊ីប្រចាំកម្ពុជា, តំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានសម្តែងនូវក្ដីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអាកាសយានដ្ឋាន VINCI របស់ បារាំង និងក្រុមហ៊ុន Muhibbah របស់ម៉ាឡេស៊ី ចំពោះការវិនិយោគ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងបានវិនិយោគអស់ទឹកប្រាក់រាប់លានដុល្លារ ធ្វើឱ្យសន្ទុះនៃកំណើនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងយ៉ាងខ្លាំង។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិ ការ ដ្ឋាន អាកាសចរស៊ីវិល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច ប្រកប ដោយ សហថាមភាព និង ការ ទទួល ខុសត្រូវខ្ពស់ក្នុងការចូលរួមធានាឱ្យបាននូវសុខសុវត្ថិភាព និងប្រសិទ្ធភាព នៃការដឹកជញ្ជូនតាម ផ្លូវអាកាស ក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ឱ្យកាន់តែរីកចម្រើនជាលំដាប់។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសរំលេចថា សមិទ្ធផលទាំងនេះអាចសម្រេចបាន ផ្តើមចេញពី គំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ចេញនូវគោលនយោបាយ «បើកចំហជើងមេឃ» កាលពីឆ្នាំ១៩៩៩ និងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី «ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» និងបន្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលបន្តផ្តល់អាទិភាពខ្ពស់លើវិស័យ អាកាសចរណ៍ស៊ីវិល និង គោលនយោបាយជាតិស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ និងបានបញ្ចប់ការរៀបចំ «សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា» នាពេលថ្មីៗនេះ។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកាន់ តែផ្ដល់អាទិភាពខ្ពស់ ចំពោះ វិស័យឯកជន ដែល ជាដៃគូមិនអាចខ្វះបាន ដើម្បីដើរតួជា កម្លាំងចលករដ៏សំខាន់ ក្នុងការចូលរួម ដោះស្រាយបញ្ហា ជារចនា សម្ព័ន្ធ ដែលរាំងស្ទះដល់ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន ហើយស្ថាប័ន រដ្ឋនឹងដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយ ផលសម្រាប់ធុរកិច្ច និងទីផ្សារ សំដៅ ជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ ជីវភាព រស់ នៅរបស់ ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ប្រកប ដោយ បរិយាបន្ន និង ចីរភាព។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ទន្ទឹមនឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព រយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុននឹងបន្តឈរជើងនិង វិនិយោគ បន្ថែមទៀតនៅកម្ពុជា តាមរយៈការចូលរួម គ្រប់គ្រង និង ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដែល គ្រោង នឹង ដាក់ ឱ្យដំណើរការនាពេលឆាប់ៗនេះ ដែលនឹងក្លាយជា Game Changer មួយ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិលនិង ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ កម្ពុជា ដែលនឹង រួមចំណែកបង្កើនសក្ដានុពលជើងហោះហើរឆ្លងទ្វីបរបស់ កម្ពុជាថែមមួយកម្រិតទៀត និងទាក់ទាញការវិ និ យោគបរទេសបន្ថែម ប្រកបដោយសុវត្ថិភាព គុណភាព និងជំនឿទុកចិត្ត។
មុននឹងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន Muhibbah ប្រកាន់ ខ្ជាប់ នូវស្មារតីនៃការពិភាក្សាបើកចំហ និង ការទទួលខុសត្រូវ ដែលកិច្ច សហប្រតិបត្តិការនេះបាន បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុ ងការ បង្កើត សមិទ្ធផលជាច្រើនអនេក និងបន្ត ទទួល បានជោគជ័យនារយៈពេល៣០ឆ្នាំតទៅមុខទៀត ៕
ដោយ ៖ សិលា