សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់របស់រាជរដ្ឋាភិបាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

– សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា ជាប្រវត្តិសាស្ត្រ ផ្អែកតាមសិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងប្រទេស តាំងពីសម័យហ្វូណន សម័យចេនឡា សម័យអង្គរ សម័យក្រោយអង្គរ រហូតដល់ពាក់កណ្តាល សតវត្សទី១៩ គឺមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលសូម្បីតែព្រះមហាក្សត្របានកំណត់ទុកជាច្បាប់កំពូល និងត្រូវគោរពប្រតិបត្តិ ដោយតម្កល់លើព្រះសិរសា របស់ព្រះអង្គ ទើបមានគុណសម្បត្តិជា ព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។

– សម្ដេចធិបតី ថ្លែង​ថា ផ្អែកលើលក្ខណសម្បត្តិជាប្រវត្តិសាស្ត្រនៃច្បាប់របស់ខ្មែរនេះ បានទុកជាម្លប់ គុណធម៌ ដ៏ត្រជាក់ត្រជំពេញដោយសុភមង្គល សន្តិភាព និងវិបុលភាពជាប្រយោជន៍ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ដែលចំណុចនេះគូសបញ្ជាក់នូវទស្សនវិជ្ជា ក្នុងទិដ្ឋភាពជានយោបាយផង ជាជំនឿផង ដោយព្រះមហាក្សត្រគឺបដិបត្តិដោយធម៌ ដោយទសពិធរាជធម៌។

– សម្ដេចធិបតី ថ្លែង​ថា​ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដើម្បីលើកកម្ពស់ សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

– សម្ដេចធិបតី ថ្លែងថា​ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិង អនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការកែទម្រង់ជាច្រើនជាបន្តបន្ទាប់ ប្រកបដោយស្មារតីមោះមុត និង បុរេសកម្ម ស្របតាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “កែទម្រង់ គឺ រស់ មិនកែទម្រង់ គឺស្លាប់ “។

– សម្ដេចធិបតី ថ្លែងថា​ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបភាវូបនីយកម្មច្បាប់របស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ និងដោយប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគុណតម្លៃ ស្នូល រួមមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សិទ្ធិបុគ្គល និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារ។

– សម្ដេចធិបតី ថ្លែងថា​ ក្នងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចបាននឹងកំពុងបន្តការយកចិត្ត ទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។

នាឱកាស​នោះ​ដែរ​ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត​ បានឱ្យដឹងថា​ ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី «ការកែទម្រង់ច្បាប់ និងតុលាការ» ដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងចក្ខុវិស័យបង្កើតនូវវិស័យច្បាប់ និងតុលាការមួយដែលអាចជឿទុកចិត្តបាន និងមានស្ថិរភាព សម្រាប់ទ្រទ្រង់គោលការណ៍សិទ្ធិរបស់បុគ្គល ការបែងចែកអំណាចដាច់ពីគ្នា និងនីតិរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការលើកស្ទួយនូវការរីកចម្រើនសេដ្ឋកិច្ចនាំមុខដោយវិស័យឯកជន។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត​ បានឱ្យដឹងទៀតថា​ ក្នុងទស្សនវិស័យនៃការបង្កើនល្បឿនការកែទម្រង់ច្បាប់ និងតុលាការ រាជរដ្ឋាភិបាលក៏បានអនុម័តនូវកម្មវិធីសកម្មភាពសម្រាប់អនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ច្បាប់ និងតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៥ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាល់ទី១ និងដែលត្រូវបានបន្តចាត់ទុកជាការងារអាទិភាពនៅដំណាក់កាលទាំងបួន នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត​ បានបញ្ជាក់ថា​ ដោយពិនិត្យឃើញអំពីវិសាលភាព សារៈសំខាន់ និងភាពចាំបាច់នៃការជំរុញល្បឿននៃការកែទម្រង់ច្បាប់ រាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងជវភាពថ្មីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅដើមអាណត្តិទី៧ នៃរដ្ឋសភានេះ បានសម្រេចធ្វើវិចារណកម្មស្ថាប័ននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយបង្កើតស្ថាប័នពីរដោយឡែកពីគ្នា។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត​ បានលើកឡើងថា​ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានរៀបចំ «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធី កែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលជាមគ្គុទេសក៍បង្ហាញផ្លូវ ក្នុងការដឹកនាំ សម្របសម្រួល ការផ្តល់ប្រឹក្សា ការតាក់តែង ការត្រួតពិនិត្យការអនុវត្ត និងការដោះស្រាយវិវាទនៃច្បាប់ ដោយត្រូវធានា ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការអនុវត្តច្បាប់ ស្របតាមចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានឱ្យដឹងថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤គឺ យុទ្ធសាស្ត្រគន្លឹះទី១ ដឹកនាំ និងសម្របសម្រួលចងក្រង និងផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី២ ដឹកនាំ និងសម្របសម្រួលរៀបចំ ក្របខ័ណ្ឌតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្តគន្លឹះទី៣ ដឹកនាំនិងសម្របសម្រួលពិនិត្យ និងវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃការតាក់តែងនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រគន្លឹះទី៤ ដឹកនាំនិងសម្របសម្រួលរៀបចំក្របខ័ណ្ឌដោះស្រាយវិវាទគតិយុត្ត និង ការពារនីត្យានុកូលភាព។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានឱ្យដឹងថា ផ្អែកតាមយុទ្ធសាស្ត្រគន្លឹះទាំង៤ខាងលើ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានរៀបចំនូវគោលដៅយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់ចំនួន៤ ដែលអាចសម្រេចតាមជំហាននៃការកែទម្រង់ និងលំដាប់អាទិភាពនៃសេចក្តីត្រូវការជាក់ស្ដែងសម្រាប់រយៈពេល២០ឆ្នាំទៅមុខ ដែលចែកជា ៤ដំណាក់កាល៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print