ថ្ងៃនេះ ! តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol សាជាថ្មី

ចែករំលែក៖

ទីក្រុងសេអ៊ូល ៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ តុលាការមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង បានអនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ហើយបញ្ជូនរូបលោកទៅមន្ទីរឃុំឃាំង ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតពិសេសព្យាយាមចាប់ខ្លួនរូបលោកសាជាថ្មី ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា ៖ លោក Yoon ត្រូវបានដោះលែងពីការឃុំខ្លួនកាលពីខែមីនា ក្រោយតុលាការ Seoul Central District លុបចោលការចាប់ខ្លួនរូបលោកកាលពីខែមករា ដើម្បីអនុញ្ញាតឱ្យរូបលោកបង្ហាញខ្លួននៅសវនាការលើបទចោទប្រកាន់បះបោរដោយមិនចំាបាច់ជាប់ឃុំក្នុងមន្ទីរឃុំឃាំង។ កាលពីខែមេសា លោក Yoon ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងជាផ្លូវការ។ ក៏ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងមិនទាន់អស់ចិត្តនោះទេ ដោយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ពួកគេបានព្យាយាមស្នើដីកាចាប់ខ្លួនលោក Yoon សាជាថ្មីលើបទចោទប្រកាន់មួយចំនួនក្នុងនោះរួមមាន ការរំលោភអំណាច និងបង្កឧបសគ្គដល់មន្ត្រីអនុវត្តច្បាប់។

រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ទើបតុលាការ Seoul Central District បានចេញដីកាចាប់ខ្លួនលោក Yoon ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកបានព្យាយាមបំផ្លាញភស្តុតាង។

គួរបញ្ជាក់ថា លោក Yoon បានបដិសេធការកោះហៅជាច្រើនលើកពីរដ្ឋអាជ្ញាពិសេសម្នាក់ ជុំវិញការស៊ើបអង្កេតលើការប៉ុនប៉នប្រើច្បាប់អាជ្ញាសឹក មិនបានសម្រេចកាលពីខែធ្នូ ឆ្នាំ២០២៤។ ការបដិសេធនេះឯងបានជំរុញក្រុមរដ្ឋអាជ្ញាស្វែងរកដីកាចាប់ខ្លួនរូបលោកជាថ្មីកាលថ្ងៃទី២៤ ខែមិថុនា។ ដីកាចាប់ខ្លួនដំបូងឡើយត្រូវបានបដិសេធ ដោយតុលាការអះអាងថាលោក Yoon មានបង្ហាញសញ្ញាផ្ដល់កិច្ចសហការ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន រដ្ឋអាជ្ញាពិសេសបានស្នើសុំដីកាចាប់ខ្លួន ជាមួយការអះអាងថាការចាប់ខ្លួនអតីតប្រធានាធិបតីរូបនេះជារឿងចាំបាច់។

ទីភ្នាក់ងារសារព័ត៌មាន AFP បន្តថា ៖ លោក Yoon បានចូលរួមក្នុងសវការកាលពីថ្ងៃពុធម្សិលមិញដែលមានរយៈ៧ម៉ោង ដោយអំឡុងពេលនេះលោកបានច្រានចោលរាល់ការចោទប្រកាន់ ទាំងអស់ប្រឆាំងរូបលោក មុននឹងរូបលោកត្រូវបានគេនាំខ្លួនទៅកាន់មន្ទីរឃុំឃាំងមួយនៅក្បែររដ្ឋធានីសេអ៊ូល៕

...

ប្រភព ៖ ទីភ្នាក់ងារសារព័ត៌មាន AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print