សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តអភិវឌ្ឍប្រទេស និងការងារកែទម្រង់សំខាន់ៗបម្រើឧត្តមប្រយោជន៍ជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចបាននឹងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើនក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។

នៅក្នុងឱកាស «អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយនៅតែបន្តកំណត់យកការលើកកម្ពស់និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៥ នៃការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថាថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបភាវូបនីយកម្មច្បាប់របស់ខ្លួនស្របតាមស្តង់ដាអន្តរជាតិ និងដោយប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយឈរលើគុណតម្លៃ ស្នូល រួមមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សិទ្ធិបុគ្គល និងប្រព័ន្ធ សេដ្ឋកិច្ចទីផ្សារ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិង អនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការកែទម្រង់ជាច្រើនជាបន្តបន្ទាប់ ប្រកបដោយស្មារតីមោះមុត និង បុរេសកម្ម ស្របតាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន “កែទម្រង់ គឺ រស់ មិនកែទម្រង់ គឺស្លាប់ “៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print