ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១៦និង១៥ នាទីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលា នៅតាមបណ្តោយផ្លូវលូរទឹកស្អុយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណី អំពើលួច ( ឆក់ទូរស័ព្ទ )បង្កឡើងដោយ ជនសង្ស័យម្នាក់ភេទ ប្រុស បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក IPHON 11 Promax ពណ៌ខ្មៅ ដែលរបស់ជនរងគ្រោះឈ្មោះ រ ប ជ ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ ខេត្តសៀមរាបពេលដែលជនរង គ្រោះ កំពុងជិះម៉ូតូតាមផ្លូវ ។
ភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាប និងការិយាល័យជំនាញ ដែលកំពុងប្រចាំការនៅតាមគោលដៅនិងល្បាត តាមផែនការការពាររបស់ គណៈបញ្ជាការឯកភាពខេត្ត សៀមរាបនិងបញ្ជាដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប ដែលឈជើងនៅក្បែរកន្លែងកើតហេតុ បាន ឃើញសកម្មភាពជនសង្ស័យខាងលើ ក៏បានប្រដេញតាមចាប់ រហូតឃាត់ខ្លួនជន សង្ស័យបានរួមទាំងវត្ថុតាង ចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប នាំខ្លួនយកមកសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
បន្ទាប់ពីបានសាកសួរ ជនសង្ស័យឈ្មោះ នួន ព្រឿន ហៅវាំង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងត្រែង សង្កាត់សាលា កំរើក ក្រុង/ ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប១ លើក រយៈពេល០៦ ខែ ពាក់ព័ន្ធនឹងករណី អំពើលួច បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដពិតមែន និងបានឆ្លើយសារភាពបន្ថែមថា រូបខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ កាលពីវេលាម៉ោង ១៧និង៣៨ នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយឆក់បានទូរស័ព្ទចំនួន០១ គ្រឿង និងធ្លាប់ធ្វើសកម្មភាព ឆក់កាបូប និងទូរស័ព្ទ ចំនួន១១ លើកផ្សេងទៀតផងដែរ។
វត្ថុតាង ដែលសមត្ថកិច្ចជំនាញបានធ្វើការដកហូត បានមកវិញមាន ទូរស័ព្ទចំនួន០១ គ្រឿង(របស់ជនរងគ្រោះ) ម៉ូតូចំនួន០១ គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ជាមួយគ្នានេះ យើងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន។
តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជនសង្ស័យខាង លើ និងវត្ថុតាង ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាខេត្តសៀមរាបកសាង សំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕