ភ្នំពេញ ៖ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមុិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានផ្លាស់ប្តូរពីការពឹងផ្អែក លើដៃគូអភិវឌ្ឍន៍ស្ទើរតែទាំងស្រុង ក្នុងការកសាងច្បាប់ មកកាន់ភាពជាម្ចាស់ លើការតាក់តែងច្បាប់ដោយខ្លួនឯង និងដើម្បីខ្លួនឯង ដោយធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល ។
សម្ដេចធិបតី បានបន្ថែមថា អំណាចអធិបតេយ្យរបស់ជាតិ លើការតាក់តែង និងអនុវត្តច្បាប់ ត្រូវបានលើកតម្កើងបន្ថែមទៀត តាមរយៈ ការកសាងច្បាប់កម្ពុជា ដោយកម្ពុជា ជូនកម្ពុជា និងដើម្បីកម្ពុជា ជាមួយនឹងការធានាបាននូវវឌ្ឍនភាព វិបុលភាព និងផលប្រយោជន៍របស់ខ្លួន ក៏ដូចជាធ្វើសមាហរណកម្ម ទៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ចូលរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ គតិយុត្ត នៅលើសកលលោក ។
សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា រាជរដ្ឋាភិបាល បានធ្វើការកែលម្អ វិចារណកម្ម និងបច្ចុប្បន្នកម្ម ជាបន្តបន្ទាប់ ទាំងលើផ្នែកគោលនយោបាយ ទាំងផ្នែកយុទ្ធសាស្រ្ត ចាប់តាំងពីឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ២០២៤ ក្នុងទិសដៅ ធានាសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃសកល ។
ស្ថិតក្នុងស្មារតីនេះ នៅដើមឆ្នាំ២០២៤ កន្លងទៅ, សម្ដេចធិបតី បានសម្រេចញែកការដ្ឋាន កែទម្រង់ច្បាប់ ដាច់ចេញពីការដ្ឋានកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយកំណត់ឱ្យការកែទម្រង់ច្បាប់ ស្ថិតនៅក្រោមការដឹកនាំរបស់ទីស្តីការគណៈរដ្ឋមន្រ្តី រីឯការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្ថិតនៅក្រោមការដឹកនាំរបស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល ដើម្បីឆ្លើយតប ទៅនឹងស្ថានការណ៍ជាក់ស្តែងនៃបញ្ហាប្រឈម ក្នុងប្រព័ន្ធច្បាប់ខ្មែរបច្ចុប្បន្ន និងជាពិសេស ឆ្លើយតបទៅនឹងមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដូចដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញបេសកកម្មដ៏មានសារៈសំខាន់មួយ គឺ ដឹកនាំ និងសម្របសម្រួលការកែទម្រង់ច្បាប់កម្ពុជា ឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព, ប្រសិទ្ធភាព, សមានគតិភាព, ឧត្តមានុភាពគតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា ៕
ដោយ ៖ សិលា