ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់ស្តីពីដកសញ្ជាតិ គឺអនុវត្តចំពោះតែជនណាដែលក្បត់ជាតិខ្លួនឯងប៉ុណ្ណោះ ចំណែកអ្នកដែលស្រឡាញ់ជាតិ មិនមែនជាកម្មវត្ថុនៃការដកសញ្ជាតិនោះទេ គឺមានតែជួយការពារផលប្រយោជន៍របស់ប្រជាជនថែមទៀតផង។
ក្នុងសន្និសីទព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា ច្បាប់ស្តីពីដកសញ្ជាតិនេះ មានគោលបំណង បន្សុតទឹកចិត្តស្នេហាជាតិ ឧត្តមគតិជាតិ និងគោលជំហរឥតងាករេចំពោះជាតិមាតុភូមិគ្រប់កាលៈទេសៈទាំង អស់។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ថា អង្គរដ្ឋសភា ក៏បានលើកឡើងច្បាស់លាស់ហើយថា បើសិនជាអ្នកក្បត់ជាតិខ្លួនឯងហើយ ជាតិមិនទុកអ្នកនោះទេ ដែលការលើកឡើងនេះជារឿងត្រឹមត្រូវជាទីបំផុត។
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បញ្ជាក់ថា ការដកសញ្ជាតិខ្មែរនេះ គឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលឃុបឃិតជាមួយបរទេស, ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្ដិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ។ ដូច្នេះច្បាប់នេះមិនត្រឹមតែមិនអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ, ស្មោះត្រង់នឹងជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពារនូវធ្វីដែលជាឧត្តមប្រយោជន៍ជាតិ និងមនសិកាស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិទៀតផង។
សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ៕
ដោយ ៖ សិលា