ភ្នំពេញ ៖ ជានិច្ចកាល រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់ចំពោះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទ ដែលបានបំពេញការងារជូនប្រទេសជាតិ និងប្រជាជន។ នៅពេលឈប់សម្រាកពីការងារដោយការចូលនិវត្តន៍តាមការកំណត់របស់ច្បាប់ អតីតមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីនគរបាលជាតិ និងអតីតយោធិន នឹងទទួលបានរបបសោធននិវត្តន៍ប្រចាំខែដែលផ្តល់ដោយរដ្ឋ។
អាស្រ័យតាមលក្ខខណ្ឌអាយុចូលនិវត្តន៍ អតីតភាពបំពេញការងារ ព្រមទាំងប្រភេទ និងតំបន់ការងារ ដែលត្រូវបានកំណត់ផ្អែកលើច្បាប់ស្តីពី «សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលឆ្នាំ១៩៩៤» ច្បាប់ស្តីពី «របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជាឆ្នាំ១៩៩៣» និងច្បាប់ស្តីពី «របបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទឆ្នាំ១៩៩៤» និវត្តជនអាចទទួលបានរបបសោធននិវត្តន៍ ផ្តល់ជូនដោយរដ្ឋ ដូចតទៅ៖ (១)ប្រាក់សោធននិវត្តន៍អប្បបរមា ស្មើនឹង៥០% ឬ៦០% នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន (២)ប្រាក់សោធននិវត្តន៍អតិបរមា ស្មើនឹង៨០% នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន។
ទន្ទឹមនេះ អតីតមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីនគរបាលជាតិ និងអតីតយោធិន ដែលត្រូវចូលនិវត្តន៍តាមគោលការណ៍កំណត់ ប៉ុន្តែមិនបំពេញគ្រប់លក្ខខណ្ឌទទួលបានប្រាក់សោធននិវត្តន៍អតិបរមា រដ្ឋផ្តល់ជូនអត្រាបន្ថែម ១ឆ្នាំ ២ភាគរយទៀត តែសរុបមិនត្រូវលើសប្រាក់សោធននិវត្តន៍អតិបរមា ដែលស្មើនឹង៨០% នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន។
ក្នុងស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំចំពោះនិវត្តជន រាជរដ្ឋាភិបាល បានដំឡើងប្រាក់សោធននិវត្តន៍ ឈរលើមូលដ្ឋាននៃការលើកកម្ពស់ជីវភាពសមរម្យ ព្រមទាំងការធានានូវសង្គតិភាពនិងសុខដុមនីយកម្មនៃរបបសោធននិវត្តន៍ចំពោះនិវត្តជនទាំងអស់ (អតីតមន្ត្រីរាជការស៊ីវិល អតីតមន្ត្រីនគរបាលជាតិ និងអតីតយោធិន)។ ចាប់ពីឆ្នាំ២០១៥ មក រាជរដ្ឋាភិបាល បានធ្វើការដំឡើងប្រាក់សោធននិវត្តន៍ផ្អែកលើកម្រិតនីមួយៗ យកមូលដ្ឋាននៃការដោះស្រាយជីវភាពជាគោល ដោយបានផ្តល់ការដំឡើងប្រាក់សោធននិវត្តន៍ខ្ពស់ សម្រាប់និវត្តជនដែលមានរបបសោធននិវត្តន៍ទាប បានកាត់បន្ថយគម្លាតរវាងប្រាក់សោធននិវត្តន៍តាមប្រព័ន្ធចាស់ និងប្រព័ន្ធថ្មី និងបានដំឡើងកម្រិតរបបសោធននិវត្តន៍ដែលស្ថិតក្នុងរង្វង់ ១០ម៉ឺនរៀល ឱ្យឡើងមកដល់ ៣០ម៉ឺនរៀលក្នុង ១ខែ ព្រមទាំងធ្វើការដំឡើងរបបសោធននិវត្តន៍ជាបន្តបន្ទាប់។
រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់ និងរៀបចំដំឡើងរបបសោធននិវត្តន៍ ព្រមទាំងបានធ្វើឱ្យមានសង្គតិភាព និងសុខដុមនីយកម្មពេញលេញនៃរបបសោធននិវត្តន៍ក្នុងឆ្នាំ២០២៤។ សម្រាប់ឆ្នាំ២០២៥ ប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែ ត្រូវបានដំឡើងស្មើនឹង ៨៤៥ ០០០រៀល និងនិវត្តជនដែលបានចូលនិវត្តន៍មុនឆ្នាំ២០២៤ ក៏ត្រូវបានផ្តល់ជូនបន្ថែមចំនួន ២០ ០០០រៀលក្នុង ១ខែ ផងដែរ។ ការបើកផ្តល់ប្រាក់សោធននិវត្តន៍ត្រូវបានអនុវត្តតាមគណនីធនាគារជាទៀងទាត់។ បន្ថែមលើនេះ និវត្តជនទាំងអស់ ក៏ទទួលបាននូវការផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និង ៥ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌថែមទៀត៕
ដោយ ៖ សិលា