ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ បានណែនាំដល់មន្រ្តីនគរបាលទេសចរណ៍ទាំងអស់ ត្រូវបង្កើនការស្រាវជ្រាវស៊ើបអង្កេត និងដោះស្រាយរាល់សកម្មភាពល្មើសច្បាប់ផ្សេងៗដែលប៉ះពាល់ដល់ទេសចរ និងវិនិយោគិន ដើម្បីធានាឲ្យបាននូវការការពារសន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ កិត្តិយស របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ថ្លែងនៅក្នុង ពិធីបិទវគ្គបំប៉នជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញនេះ នៅអគ្គស្នងការដ្ឋានគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានក្រើនរំលឹកដល់មន្ត្រីនគរបាលទេសចរណ៍ទាំងអស់ ត្រូវការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសង្គ្រោះជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្កើនសកម្មភាព បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពដែលបង្ករឲ្យមានផលប៉ះពាល់ដល់រូបរាងកាយ អាយុជីវិត ទ្រព្យសម្បត្តិ កិត្តិយស របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគ កំពុងស្នាក់នៅប្រទេសកម្ពុជា។
បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ឯក ក៏បានណែនាំ រួមសហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបទប់ស្កាត់សកម្មភាពដែលពាក់ព័ន្ធដល់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរ និងបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព សម្ភារៈអាសអាភាស ការលាងលុយកខ្វក់ និងការបង្កឱ្យមានអសន្តិសុខក្នុងសង្គម ដើម្បីអនុវត្តន៍ការចាប់ខ្លួន ឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្តែង អនុវត្តសាលក្រម សាលដីការបស់តុលាការ និងអយ្យការគ្រប់ថ្នាក់។
ឆ្លៀតក្នុងឱកាសនៃពិធីបិទវគ្គបំប៉ននេះ លោកប្រធាននាយកដ្ឋាន ក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់គ្រូឧទ្ទេស មកពីនាយកដ្ឋាននគរបាលការពារ ក្នុងការបង្ហាត់បង្ហាញនូវជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌ ដល់មន្ត្រីនគរបាលទេសចរណ៍ ។ ដោយក្នុងនោះ លោក បានគូសបញ្ជាក់ថា ជំនាញការពារ អន្តរាគមន៍ បង្ក្រាបបទល្មើស និងនីតិវិធីមន្ត្រីនគរបាលយុត្តិធម៌នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់មន្រ្តីនគរបាលទេសចរណ៍ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ដូច្នេះមន្រ្តីនគរបាលទេសចរណ៍ត្រូវតែមានសមត្ថភាព ចំណេះដឹង ប្រាជ្ញា ស្មារតីពេញលេញ ក្នុងការការពារ អន្តរាគមន៍ និងបង្ក្រាបបទល្មើស ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ។ ជាពិសេស ដើម្បីឲ្យក្លាយខ្លួនទៅជាមន្រ្តីនគរបាលយុត្តិធម៌បាន មន្រ្តីនគរបាលជាតិ ចាំបាច់ត្រូវឆ្លងកាត់ការរៀនសូត្រឆ្លងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌។ មន្រ្តីនគរបាលយុត្តិធម៌ គឺសំដៅលើជនដែលត្រូវបានទទួលស្គាល់ដោយច្បាប់៕