ខេត្តសៀមរាប៖ ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កាបង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយនៅថ្ងៃទី១០ ខែ កក្ដដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ស.ស.ប ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប ១AL ០៧៣៨ រួចគេចខ្លួនបាត់។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានថា ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង មកធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដ មែន។ បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពបន្ថែមទៀតថា កាលពីថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២:១០នាទី នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រូបខ្លួនបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប ១AK៥៤០៣។ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចយើងក៏បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ យ.ក.រ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រួចមកហើយផងដែរ។
វត្ថុតាងដែលសមត្ថកិច្ចបាន ធ្វើការដកហូតពីជនសង្ស័យ រួមមាន៖ ម៉ូតូរបស់ជនរងគ្រោះ ចំនួន០២គ្រឿង និងលួសស្ពាន់សម្រាប់តបញ្ឆេះម៉ូតូ។ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើតេស្ដ ស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន)។
បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី ចំណែកឯវត្ថុតាងរួមមាន ម៉ូតូចំនួន០២គ្រឿង កម្លាំងសមត្ថកិច្ចបានធ្វើការប្រគល់ ជូនជនរងគ្រោះដែលជាម្ចាស់វិញផងដែរ៕ដោយ៖តារា