កីឡាអន្តរជាតិ ៖ អបអរសាទរ! ក្រុមតោខៀវ Chelsea បានគ្រងជើងឯក FIFA Club World Cup ឆ្នាំ ២០២៥ បន្ទាប់ពីយកឈ្នះក្រុមកំពុងខ្លាំង PSG ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រយប់មិញ !
ក្រុមកីឡាករតោខៀវ Chelsea លើកពានរង្វាន់អបអរជ័យជម្នះជាមួយនឹងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបានចូលទស្សនាការប្រកួតដោយផ្ទាល់ និងប្រគល់ពានរង្វាន់ផ្ទាល់ដល់ក្រុមជើងឯក ជាមួយសម្លេងគាំទ្រកងរំពង ។
Chelsea នឹងជាក្រុមជាប់ឈ្មោះជើងឯកពិភពលោក Club World Cup រយៈពេល ៤ឆ្នាំ រហូតឆ្នាំ ២០២៩ ហើយក៏ជាក្រុមដែលកក់កៅអីរួចស្រេច នៅការប្រកួត ៤ឆ្នាំខាងមុខទៀត ក្នុងនាមជាក្រុមការពារជើងឯក។
មិនត្រឹមតែប៉ុណ្ណោះ Chelsea ក៏នឹងត្រូវត្រឡប់ទៅទឹកដីអង់គ្លេសវិញជាមួយនឹងប្រាក់រង្វាន់សរុបជិត ១៥០លានដុល្លារវិញ ដែលខ្លួនរកបានពីការប្រកួត ទាំងមានឈ្មោះចូលរួម និងប្រកួតធ្វើបានល្អតាមវគ្គនីមួយៗ។
សូមបញ្ជាក់ថា៖ Chelsea ផ្តួល PSG លទ្ធផល ៣-០ គ្រងជើងឯក Club World Cup ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏ល្អខ្លាំង ក្នុងវគ្គទីមួយ ស៊ុតបាល់បញ្ចូលទី៣ គ្រាប់ មិនដល់ពេល ៣០នាទី ជាគ្រាប់ជ័យជម្នះការប្រកួត។
កីឡាករ Cole Palmer បង្ហាញទម្រង់លេងដ៏ល្អក្នុងការប្រកួត ស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ ១គ្រាប់ឱ្យមិត្តរួមក្រុម Joao Pedro ស៊ុត ១គ្រាប់។ Palmer មកដល់ពេលនេះរកបាន ៦គ្រាប់ និងបញ្ចូនបាល់ ៦ គ្រាប់ ក្នុងការប្រកួត។
PSG ហាក់រៀបចំគម្រោងក្នុងការប្រកួតពុំសូវបានល្អ ដូច Chelsea ដែលកីឡាករតំបន់ការពារ និងអ្នកចាំទី មានការយល់ចិត្តគ្នាខ្លាំង ព្រមទាំងទម្រង់លេងការពារវាយបកបានយ៉ាងល្អ និងមានប្រសិទ្ធភាព។
នៅចុងវគ្គទៅហើយ កីឡាករ PSG មួយរូបត្រូវបណ្តេញចេញពីការប្រកួត ក្រោយបានកាតក្រហម ទាញសក់កីឡាករ Marc Cucurella ធ្វើឱ្យឱកាសរបស់ក្រុមបារាំង កាន់តែរសាត់ឆ្ងាយ។ បញ្ចប់ការប្រកួតក្រុមតោខៀវ មកពីអង់គ្លេសក្រសោបបានពានរង្វាន់កម្រិតពិភពលោកជាលើកទី២ ក្រោមក្រសែភ្នែកទស្សនាដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ផងដែរ ៕
ដោយ ៖ សិលា