ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍បទល្មើសនិងលទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសនិងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ប្រចាំខែមិថុនានិងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដាឆ្នាំ២០២៥ ។
កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនលោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធ។
លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងដាក់ចេញនូវគោលការណ៍ដឹកនាំបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ រួមមាន៖បង្កើនការការអនុវត្តបង្ការទប់ស្កាត់និងកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍និងពង្រឹងត្រួតពិនិត្យចំពោះមន្រ្តីនគរបាលចរាចរណ៍ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជំនាញ ជាពិសេសពង្រឹងកាត់បន្ថយភាពអសកម្មរបស់មន្រ្តីនគរបាលចរាចរណ៍នៅលើដងផ្លូវបង្កប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។
ត្រូវបង្កើនពង្រឹងអនុវត្តវិធានការស្រាវជ្រាវបង្ការនិងបង្រ្កាបឲ្យមានប្រសិទ្ធភាពចំពោះបទល្មើសអនឡាញខុសច្បាប់ ហើយត្រូវបំពេញភារកិច្ចដោយឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់។ ណែនាំបង្កើនអនុវត្តតាមវិធានការជំនាញ ស្រាវជ្រាវបង្ការទប់ស្កាត់និងបទល្មើសព្រហ្មទណ្ឌដែលជាកង្វល់របស់ប្រជាពលរដ្ឋដូចជាបទល្មើសឆក់តាមផ្លូវសាធារណៈ និងបទល្មើសគាស់ផ្ទះយកទ្រព្យសម្បត្តិនិងបន្តយកចិត្តទុកដាក់បង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនិងបន្តយកចិត្តទុកដាក់គ្រប់គ្រងតាមដានព័ត៌មានលើការងារសន្តិសុខផងដែរ៕