ចំពោះសកម្មភាពរបស់ប្រទេសទួរគី ដែលបានបញ្ចូនកម្លាំងទាហ៊ានវាយប្រហារនៅក្នុងប្រទេសស៊ីរី ប៉ុន្មានថ្ងៃកន្លងមក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលស៊ីរីខ្លាចបាត់បង់ទឹកដីជាប់ព្រំដែនទួរគី ។ ក្រសួងការបរទេសស៊ីរី ក៏បានផ្ញើលិខិតស្នើរសុំដល់អង្គការសហប្រជាជាតិជួយអន្តរគមន៍ ។
នៅក្នុងលិខិតរបស់ក្រសួងការបរទេស ដែលបានផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបានគីមូនកាលពីថ្ងៃទី២៩ ខែសីហា រដ្ឋាភិបាលទីក្រុងដាម៉ាកាស បញ្ចាក់ថា ប្រទេសដែលគាំទ្រទួរគី វាយប្រហារនៅស៊ីរី នោះគឺជាសកម្មភាពគាំទ្រដល់ក្រុមភេរវកម្ម។
នៅក្នុងខ្លឹមសារលិខិតនោះបានបញ្ចាក់ថា «ការដែលបារាំង, អាមេរិក, អង់គ្លេស, អារ៉ាប៊ីសាអូឌិត, កាតា គាំទ្រទួរគីធ្វើសង្គ្រាមថ្មើជើងនៅស៊ីរីគឺជាសកម្មភាពគាំទ្រដល់ក្រុមភេរវកម្ម»។
កាលពីថ្ងៃទី២៤ ខែសីហា កម្លាំងពិសេសរបស់ទួរគី ដែលមានរថក្រោះ រថពាសដែក យន្តហោះចម្បាំង ដោយមានការគាំទ្រវាយប្រហារពីលើដែលអាកាសរបស់អាមេរិក បានចាប់ផ្តើមវាយប្រហារដោយថ្មើជើងទៅលើគោលដៅនានានៅស៊ីរី។
រដ្ឋាភិបាលស៊ីរី បានអំពាវានាវដល់ អ.ស.ប. ទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ នៅទីនោះ និងស្នើរឲ្យទាហ៊ានទួរគីដកចេញពីទឹកដីស៊ីរី ជាបន្ទាន់។ ការដែលសង្គ្រាមប្រឆំាងភេរវកម្មនៅលើកទឹកដីស៊ីរី នោះត្រូវតែមានការឯកភាពពីរដ្ឋាភិបាលទីក្រុងដាម៉ាកាស ។ សកម្មភាពរបស់រដ្ឋាភិបាលទួរគីគឺប្រឆាំងនឹងជនជាតិស៊ីរី ក៏ដូចជាបំពានអធិបតេយ្យភាពរបស់ប្រទេសនេះ។
មតិជាច្រើនបានបង្ហាញក្តីបារម្ភចំពោះសកម្មភាពរបស់ទួរគីដោយចាត់ទុកថា សកម្មភាពទាំងនោះអាចធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង និងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញថែមទៀត។ ប៉ុន្តែភាគីគាំទ្របានអបអរសាទរចំពោះសកម្មភាពរបស់ទួរគីដែលបានសម្រេច វាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ។
នៅទីក្រុងដាម៉ាកាស រដ្ឋាភិបាលស៊ីរី បានប្រឆាំងនឹងការចូលឈ្លានពានពីរថក្រោះ រថពាសដែក របស់ទួរគីនៅក្នុងស្រុក Jarabulus ជាប់ព្រំដែនប្រទេសទាំងពីរ។ នៅក្នុងសេចក្តីប្រកាសក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការដែលរថក្រោះរថពាសដែកទួរគីចូលទៅកាន់ព្រំដែនប្រទេសស៊ីរីដោយមានការចូលរួមគាំទ្រពីកម្លាំងទាហ៊ានសម្ព័ន្ធមិត្តដឹកនាំដោយអាមេរិកនោះគឺជាសកម្មភាពឈ្លានពានទឹកដីស៊ីរី ។
ក្នុងថ្ងៃជាមួយគ្នានេះដែរក្រសួងការបរទេសរុស្ស៊ីក៏បានប្រតិកម្មបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទួរគីដែល បានបញ្ជូនរថក្រោះរថពាស ដែលទៅក្នុងប្រទេសស៊ីរីវាយប្រហារទៅលើក្រុមជនជាតិឃើដ នៅតាមព្រំដែនស៊ីរី ។ ក្នុងការប្រកាសរបស់រុស្ស៊ីបានព្រមានថា សកម្មភាពខាងលើអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងជំរុញឲ្យមានការប្រឈមមុខរវាងក្រុមជនជាតិឃើដ នឹងជនជាតិដទៃទៀតនៅក្នុងតំបន់ ។
ផ្ទុយទៅនឹងទស្សនៈរបស់រុស្ស៊ី មន្ត្រី អាមេរិកបានបញ្ជាក់ថា យុទ្ធនាការយោធាខាងលើរបស់ទួរគីនៅក្នុងប្រទេសស៊ីរីគឺជារឿងត្រឹមត្រូវ។ ប្រភពព័ត៌មានពីកម្លាំងមន្ត្រីជាន់ខ្ពស់របស់អាមេរិកដែលបានអមដំណើរអនុប្រធានាធិបតី Joe Biden ទៅកាន់ប្រទេសទួរគី កាលពីថ្ងៃទី២៤ ខែសីហា បានប្រកាសថា អាមេរិកចង់ជួយដល់ប្រទេសទួរគី ដើម្បីផ្តួលរំលំក្រុមIS ចេញពីតំបន់ព្រំដែនប្រទេសទួរគី។
អាមេរិកបានត្រួតពិនិត្យជួយដល់កម្លាំងទាហ៊ានបះបោរនៅក្នុងប្រទេសស៊ីរី ដែលគាំទ្រពីទួរគីដើម្បីកាត់ផ្តាច់ប្រភពជំនួយរបស់ក្រុមIS ។ ដូច្នេះអាមេរិកបានជួយដល់ប្រទេសទួរគី ដោយផ្តល់ព័ត៌មានចារកម្មនិងទីប្រឹក្សាយោធាក្នុងការកម្ចាត់ក្រុមIS ៕
ប្រែសម្រួល៖ ម៉ែវ សាធី