នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថ ក្នុងឱកាសរំលឹកខួបលើកទី៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ថ្ងៃបង្កើតកងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ញើសារលិខិតអបអរសាទរជូន មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថ ក្នុងឱកាសដ៏មហាបវរសួស្តីសិរីមង្គលនៃពិធីរំលឹកខួបលើកទី៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ថ្ងៃបង្កើតកងរាជអាវុធហត្ថ ។

នៅក្នុង​សារលិខិត​របស់​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែង​បញ្ជាក់ថា​ ក្នុងឱកាសដ៏មហាបវរសួស្តីសិរីមង្គលនៃពិធីរំលឹកខួបលើកទី៣២ឆ្នាំ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) ថ្ងៃបង្កើតកងរាជអាវុធហត្ថ តាងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងយោធពលខេមរភូមិន្ទ និងខ្លួនខ្ញុំផ្ទាល់ សូមអបអរសាទរយ៉ាងស្មោះចំពោះថ្ងៃជាប្រវត្តិសាស្ត្រនេះ និងសូមផ្ញើការសាកសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត។

ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងមានមោទនភាពបំផុតចំពោះ ស្នាដៃនិងសមិទ្ធផលនានាដែលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថ បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅ ជាពិសេសព្រឹត្តិការណ៍ដ៏ លេចធ្លោបំផុត គឺការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ក្រាបកម្លាំងប្រដាប់អាវុធអាណាធិបតេយ្យ នាថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ និងក្នុងព្រឹត្តិការណ៍ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ កងរាជអាវុធហត្ថបាន ច្បាមការឈរជើងការពារតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិវប្បធម៌មនុស្សជាតិ និងជាកេរ្តិ៍ដំណែល ដ៏ល្បីល្បាញរបស់ជាតិខ្មែរដែលដូនតាយើងបានបន្សល់ទុកឱ្យ។ នេះគឺជាគំរូវីរភាពដ៏អង់អាចក្លាហាន និង ជាបេសកកម្មប្រកបដោយកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងស្មារតីស្នេហាជាតិរបស់កងរាជអាវុធហត្ថ ហ៊ានលះបង់ គ្រប់បែបយ៉ាងតស៊ូប្តូរផ្តាច់ ជម្នះរាល់ឧបសគ្គក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។

កងរាជអាវុធហត្ថក៏បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា អំពើឆក់ប្លន់ ចោរកម្ម ការចាប់ជំរិត ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរមនុស្ស បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បង្ក្រាបការទន្ទ្រានដីរដ្ឋ និងបង្ក្រាបបទល្មើសផ្សេងៗទៀត ជាពិសេស បង្ក្រាបនិងកម្ទេចកម្លាំងប្រតិកិរិយា ដែលមានបំណងទុច្ចរិត បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បង្កវិទ្ធង្សនា បង្កអស្ថិរភាពសង្គម នយោបាយ និងការពារឥតងាករេចំពោះរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ កងរាជអាវុធហត្ថក៏បានរួមចំណែកក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាជនពីគ្រោះ មហន្តរាយនានា ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ ទន្ទឹមនឹងនោះ កងរាជអាវុធហត្ថក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិ ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងគណៈប្រតិភូជាន់ខ្ពស់បណ្តាប្រទេសជាមិត្តដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

កងរាជអាវុធហត្ថ បានធ្វើកំណែទម្រង់ដ៏ជាក់លាក់ ពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យាទំនើប បានកសាងសាលា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ដែលជាទីលានបាញ់គ្រាប់ពិតទំនើបកម្រិតតំបន់ ដោយកំណត់ការហ្វឹកហ្វឺនក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងរាជអាវុធហត្ថ បានសហការរៀបចំពិធីរំលឹក ខួបនៃទិវាការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បាននិងកំពុងកសាង ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោ កោះថ្ម X16 និងកសាងសមិទ្ធផល ជាច្រើនទៀត។

សមិទ្ធផលនានាដែលកងរាជអាវុធហត្ថសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាច នឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ជា មានភក្ដីភាព សាមគ្គីភាព សមត្ថភាព ឯកភាពផ្ទៃក្នុង និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាព និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងរាជអាវុធហត្ថមានការរីកចម្រើន លើគ្រប់វិស័យគួរជាទីមោទនៈបំផុត។

ក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមបួងសួងចំពោះគុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី និង វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រទានសព្ទសាធុការពរបវរមហាប្រសើរជូនថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងរាជអាវុធហត្ថសម្រេចបានជោគជ័យគ្រប់ភារកិច្ច និង ប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print