ភ្នំពេញ ៖ កងទ័ពកម្ពុជា-ថៃ នៅម៉ោងប្រមាណជិត២រសៀលថ្ងៃទី ១៥ កក្កដានេះ បានប៉ះទង្កិចគ្នាដោយសម្ដី និង រុញច្រានគ្នាមួយប្រាវនៅចំណុច ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ក្រោយពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់សារព័ត៌មា. នៅល្ងាចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥នេះថា ជម្លោះសម្តីនេះ កើតឡើងនៅម៉ោង១និង២០នាទី ហើយបានចប់ទៅវិញ១ និង ៤០នាទី ជាជម្លោះបង្កឡើងដោយកងទ័ពថៃរារាំងទេសចរខ្មែរ រហូតឈានទៅប៉ះសម្តីគ្នា។
បើតាមអ្នកនាំពាក្យការពារជាតិរូបនេះ ស្ថានភាពនៅប្រាសាទតាមាន់ធំ បានស្ងប់ស្ងៀមវិញហើយ ដោយខាងមេបញ្ជាការថៃ បានតេទូរស័ព្ទមក លោក នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២កម្ពុជា ចរចាដោះស្រាយដោយសន្តិវិធី៕
ដោយ ៖ សិលា
...